នាយករដ្ឋមន្ត្រីអបអរកម្ពុជាទទួលបានជ័យលាភី «ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា» ពីកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរដល់ក្រសួងសេដ្ឋកិច្ច និងក្រសួង-ស្ថាប័នពាក់ព័ន្ធដែលបានធ្វើឱ្យ «ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data eXchange ហៅកាត់ថា CamDX)» ទទួលបានជ័យលាភីការសម្របខ្លួនប្រើប្រាស់បច្ចេកវិទ្យាបើកចំហកូដប្រចាំឆ្នាំ២០២២ ពីកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាលដែលសហការរៀបចំឡើងក្រុមហ៊ុនអន្តរជាតិអាម៉ាហ្សូន និងបណ្តាញសាកលសម្រាប់រដ្ឋាភិបាល Apolitical។
សម្រាប់សម្តេចតេជោ ពានរង្វាន់នេះជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជាលើឆាកអន្តរជាតិ និងជាការទទួលស្គាល់ថា កម្ពុជាបានចាប់យកឱកាស និងបានប្រើប្រាស់ដោយជោគជ័យនូវបច្ចេកវិទ្យាឌីជីថល ជាពិសេសថ្នាល CamDX ក្នុងការជួយដល់ការងារកែទម្រង់ និងការធ្វើទំនើបកម្មរដ្ឋបាលរបស់ខ្លួន។
សម្តេចតេជោ បានថ្លែងថា៖ «នៅក្រោមម្លប់សុខសន្តិភាព កម្ពុជាមិនត្រឹមតែមានឱកាសកសាងហេដ្ឋារចនាសម្ព័នរូបវន្តជាច្រើននោះទេ ប៉ុន្តែកំពុងតែបោះជំហានឆ្ពោះទៅការកសាងសេដ្ឋកិច្ច និងសង្គមឌីថលមួយរស់រវើក និងប្រកបដោយបរិយាប័ន្ន»។
នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវឱ្យក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលទាំងអស់ និងសូមលើកទឹកចិត្តវិស័យឯកជន ចូលរួម និងប្រើប្រាស់ សំដៅទាញយកប្រយោជន៍ជាអតិបរមាពីថ្នាល និងបច្ចេកវិទ្យាពាក់ព័ន្ធនៃប្រព័ន្ធអេកូឡូស៊ីរបស់ CamDX។
កម្ពុជាជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសចំនួន៨ ក្នុងនោះកាណាដា ចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង ប៉ាគីស្ថាន ហ្គីណេប៊ីសូ (Guinea-Bissau) អាហ្សង់ទីន ហ្វីលីពីន និងបេណាំង ដែលគណៈកម្មការវាយតម្លៃអន្តរជាតិចំនួន១៧ រូបឱ្យឈ្នះជ័យលាភីលេខ១ ប្រចាំឆ្នាំ២០២២នេះ។
គូសបញ្ជាក់ថា ថ្នាល CamDX ដែលអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាថ្នាលបច្ចេកវិទ្យាឌីជីថលមួយឈរនៅកណ្តាល និងជាឆ្អឹងខ្នង ដែលអនុញ្ញាតឱ្យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័នអាចចែករំលែកទិន្នន័យរវាងគ្នា និងគ្នា ដើម្បីបង្កើតជាសេវាសាធារណៈអនឡាញផ្សេងៗ ។
គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ «ថ្នាល CamDX» បានជួយឱ្យការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញសម្រេចបានចំនួន ១៩ ៨២៣ក្រុមហ៊ុន ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៥,៦ ប៊ីលានដុល្លារអាមេរិក ដោយប្រើប្រាស់រយៈពេលជាមធ្យមត្រឹមតែ ៨ថ្ងៃនៃថ្ងៃធ្វើការប៉ុណ្ណោះ។ ជាមួយគ្នានេះចំនួនប្រតិបត្តិការផ្លាស់ប្តូរទិន្នន័យនៅលើថ្នាល CamDX មានសរុបប្រមាណ ១៣លានប្រតិបត្តិការ។
ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ថ្នាល CamDX ក៏បានជួយឱ្យរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្នើសុំលិខិតបញ្ជាក់លើការធានា និងលិខិតបញ្ជាក់លើការអញ្ជើញ (Validation Application on Guarantee/Invitation- VAGI) សម្រាប់ការសម្រួលដល់ការធ្វើដំណើររបស់ធុរជន និងវិនិយោគិន។
ថ្នាល CamDX កំពុងពង្រីកវិសាលភាពរបស់ខ្លួនក្នុងវិស័យហិរញ្ញវត្ថុ ទាំងធនាគារ និងមិនមែនធនាគារ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជា គ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង។
សូមបញ្ជាក់ថា សមាជិករបស់ CamDX បច្ចុប្បន្នក្នុងក្របខណ្ឌចុះបញ្ជីអាជីវកម្ម រួមមាន ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System- GTAS) នៃអគ្គ-នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បាននិងកំពុងផ្លាស់ប្តូរទិន្នន័យនៅលើថ្នាលនេះជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ផងដែរ៕