ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញលោក នួន ផារ័ត្ន បានលើកឡើងថារាជធានី និងរដ្ឋធានីទាំង១០ របស់អាស៊ានមានបញ្ហាប្រឈមដូចគ្នាដូចជាបញ្ហាចរាចរណ៍ បញ្ហាពង្រីកគម្របបៃតង គ្រោះធម្មជាតិ រួមទាំងបញ្ហាមួយចំនួនទៀត។
ថ្លែងក្នុងសន្នីសិទព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំអភិបាលរាជធានី រដ្ឋធានីអាស៊ាន កាលពីថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២២ លោក នួន ផារ័ត្ន បានលើកឡើងថាក្នុងកិច្ចប្រជុំថ្នាក់អភិបាលរាជធានី និងរដ្ឋធានីរយៈពេល១ថ្ងៃកន្លះ អភិបាលទាំង១០ បានលើកយកបញ្ហាទាំងនេះយកពិភាក្សា និងចែករំលែកជាទស្សនៈលើបញ្ហាចរាចរណ៍ បញ្ហាពង្រីកគម្រប់បៃតង បញ្ហានៃការគំរាមកំហែង ដោយគ្រោះធម្មជាតិ ជាពិសេសជំនន់ទឹកភ្លៀង និងបញ្ហានៃការអនុវត្តផ្សេងៗទៀត រួមទាំងការរៀបចំលំនៅដ្ឋានសមរម្យសម្រាប់អ្នកចំណូលទាប។
លោកថា ចំណុចនេះគឺជារឿងដ៏សំខាន់ដែលរដ្ឋបាលរាជធានី រដ្ឋធានីនៃអាស៊ានត្រូវពិភាក្សាគ្នាដើម្បីឱ្យរាជធានី និងរដ្ឋធានីទាំង១០នៃអាស៊ានមានភាពទាក់ទាញដែលមានភាពល្អប្រសើរសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ជាគោលដៅទៅមុខរាជធានី និងរដ្ឋធានីទាំង១០នៅអាស៊ានគ្រោងអភិវឌ្ឍន៍ទៅជាទីក្រុងឆ្លាតវៃដែលត្រូវការធាតុផ្សំ និងថវិការជាច្រើនដើម្បីសម្រេចការងារនេះ។
កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន គឺជាវេទិកាមួយសម្រាប់អភិបាលរាជធានី និងរដ្ឋធានីអាស៊ានទាំង១០ ដើម្បីលើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្ន និងដែលអាចកើតមានឡើង ព្រមទាំងចែករំលែកការអនុវត្តល្អៗ ក៏ដូចជាទស្សនៈល្អៗសម្រាប់ការកសាងសហគមន៍អាស៊ាន។ កម្ពុជាបានដឹកនាំកិច្ចប្រជុំនេះកាលពីថ្ងៃទី០២ និងទី០៣ ខែធ្នូ ឆ្នាំ២០២២ មុននឹងផ្ទេរការដឹកនាំទៅកាន់រដ្ឋធានីចាកាតានៃប្រទេសឥណ្ឌូនេស៊ី៕