ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បទយកការណ៍៖ ឪពុកម្តាយចាំលើកទឹកចិត្តកូននៅក្រៅមណ្ឌលប្រឡង ខណៈសិស្សមួយចំនួនរីករាយនឹងវិញ្ញាសាប្រឡងឆ្នាំនេះ

ភ្នំពេញ៖ នៅព្រឹកព្រលឹមម៉ោង៦ ដល់ម៉ោងជិត៧ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ជាថ្ងៃទី១នៃការប្រឡងបាក់ឌុប។ សិស្សានុសិស្សជាច្រើនបានរួសរាន់ធ្វើដំណើរមកកាន់មណ្ឌលប្រឡង ដោយសិស្សខ្លះមានឪពុកម្តាយជូនមកដោយរថយន្ត និងម៉ូតូ ហើយសិស្សខ្លះទៀតធ្វើដំណើរដោយយាន្តជំនិះខ្លួនឯងដែលផ្ញើនៅក្នុងក្រៅរបងមណ្ឌលប្រឡង។

នៅវេលាម៉ោង៧ព្រឹក សិស្សានុសិស្សបានតម្រង់ជួរគ្នាចូលប្រឡងបាក់ឌុបនៅតាមមណ្ឌលប្រឡង ខណៈដែលនៅតែកន្លះម៉ោងទៀតប៉ុណ្ណោះសំឡេងជួងនឹងបន្ទឺឡើងដោយបញ្ជាក់ថាជាពេលដែលត្រូវចាប់ផ្តើមប្រឡងលើវិញ្ញាសាដំបូងគេ។

នៅក្នុងមណ្ឌលប្រឡងនីមួយៗមានស្ថានភាពស្ងប់ស្ងាត់ ខណៈនៅក្រៅមណ្ឌលវិញមានអាជ្ញាធរនៅយាមចាំការពារសុវត្ថិភាព និងសម្រួលចរាចរណ៍ ហើយក៏មានពលរដ្ឋជាច្រើនដែលភាគច្រើនជាសាច់ញាតិ ឪពុកម្តាយសិស្សដែលនៅអង្គុយរង់ចាំកូនចេញពីប្រឡង ដោយខ្លះមានទាំងត្រៀមម្ហូបអាហារ និងភេសជ្ជៈសម្រាប់កូន និងខ្លះទៀតជូនកូនត្រឡប់ទៅគេហដ្ឋាន និងត្រៀមបាយទឹកជូនកូនទើបនាំកូនមកប្រឡងវិញ។

ស្ថិតក្នុងវ័យ៥៥ឆ្នាំ អ្នកស្រី មឿន សារឹម ដែលមានកូនតែម្នាក់គត់ប្រឡងបាក់ឌុបឆ្នាំនេះ បានបង្ហាញក្តីរំភើបរីករាយនៅពេលដែលជូនកូនមកប្រឡងជាលើកទី១។


អ្នកស្រីនិយាយថា៖ «ពេលបាននាំកូនមក មកជួយលើកទឹកចិត្តកូន មានចិត្តរីករាយ ភ័យផង អរផង ហើយបន់ឱ្យកូនជាប់ផង»

កំពុងអង្គុយទល់មុខវិទ្យាល័យព្រះស៊ីវត្ថិដែលជាមណ្ឌលប្រឡងរបស់កូនស្រី អ្នកស្រី មឿន សារឹម ដែលសុខចិត្តផ្អាកការលក់នំក្រូចចំនួន២ថ្ងៃដើម្បីមកលើកទឹកចិត្តកូន បានរៀបរាប់ថា៖ «ទឹកចិត្តជាម្តាយ ណាមួយខ្ញុំថែរក្សាកូនតែម្នាក់ឯង ខ្ញុំលក់នំមែន ដើម្បី២ថ្ងៃនេះ កូនរៀន១២ឆ្នាំ រឿងអីយើងផ្អាកចោលមិនបាន ត្រូវមកជួយផ្តល់កម្លាំងទឹកចិត្តកូន យ៉ាងណាត្រូវជំរុញឱ្យកូនមានកម្លាំងចិត្តប្រឡង»

អ្នកស្រីបានបន្តថា៖ «កូនខ្ញុំខំ (រៀន) ណាស់ រៀនទាំងយប់ទាំងថ្ងៃ តាំងពីមុនប្រឡងមួយខែហ្នឹង រៀនទល់តែយប់ដល់ម៉ោង១ ម៉ោង២ ខ្ញុំឡើងធ្វើនំ បានកូនចូលដេក។ ខ្ញុំថា កូនកុំរៀនយប់ពេក វាថា ខំប៉ុណ្ណឹងហើយនៅចាញ់គេផង ចុះទម្រាំមិនខំទៀត»

ក្រឡែកទៅមើលលោកតាម្នាក់ទៀតកំពុងអង្គុយលើម៉ូតូដើម្បីលើកទឹកចិត្តកូនតាំងពីម៉ោង៦ព្រឹកគឺលោកតា គី ឈាងអាង ដែលមានអាយុ៦៦ឆ្នាំ បានរៀបរាប់ថា លោកតាពុំមានការនឿយហត់នឹងការរង់ចំាកូនចេញពីប្រឡងឡើយ។


លោកតាមានប្រសាសន៍ថា៖ «ខ្ញុំជូនវាមកប្រឡងទាល់តែចប់ បានជូនត្រឡប់ទៅផ្ទះវិញ ហូបបាយហើយ ថ្ងៃជូនវាមកទៀត បានដឹកទៅផ្ទះវិញរយៈពេល២ថ្ងៃហ្នឹង វាពុំមានអីហត់ទេ យើងជិះម៉ូតូជិតដែរ វាមិនឆ្ងាយពីផ្ទះដែរ»

តាមការអង្កេតរបស់លោកតា កូនរបស់លោកតាមានការខិតខំរៀនសូត្រ ហើយក៏ជាសិស្សពូកែម្នាក់ផងដែរ។ សម្រាប់លោកតាជឿជាក់ថាកូនពៅដែលប្រឡងក្នុងចំណោមកូនទាំង៥នាក់នោះ នឹងអាចទទួលបាននិទ្ទេសល្អសម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ។

ចំណែកលោក ដេត ឌី ដែលមកលើកទឹកចិត្តកូនផងដែរនោះ ក៏បានបង្ហាញអារម្មណ៍ត្រេកអរដែលឃើញកូនបានចូលប្រឡង ខណៈដែលកូនរបស់លោកមានការខិតខំរៀនសូត្រ។


លោកប្រាប់ថា៖ «ខ្ញុំត្រេកអរនឹងការសិក្សារបស់កូន ឃើញថាការប្រឹងព្យាយាមរបស់កូន តាំងពីថ្នាក់ក្រោមរហូតដល់ប៉ុណ្ណឹង ជួយត្រេកអរនឹងការសិក្សារបស់កូនប្រឹងរៀនពីតូច»

នៅវេលាម៉ោង១០កន្លះព្រឹក ជាពេលដែលបេក្ខជនចេញពីមណ្ឌលប្រឡង សិស្សានុសិស្សជាច្រើនបានដើរសំដៅមករកឪពុកម្តាយទាំងទឹកមុខសប្បាយរីករាយ។

យុវតី សរ ចាន់វិរីយ៉ា បានរៀបរាប់ទាំងទឹកមុខស្រស់បំព្រងថា៖ «ខ្ញុំសប្បាយចិត្ត ប្រឡងព្រឹកមិញខ្ញុំធ្វើបានគួរសម វិញ្ញាសាព្រឹកនេះរាងស្រួលដែរ ទន្ទេញត្រូវ ធ្វើបានត្រូវច្រើន។ ខ្ញុំក៏ជឿជាក់ថាវិញ្ញាសាថ្ងៃនេះក៏នឹងធ្វើបានល្អដែរ»


យុវតីម្នាក់ទៀតគឺ ស៊ុន សនពេជ្រតា ក៏សប្បាយចិត្តនឹងការខិតខំរៀនសូត្ររហូតដល់ឈានចូលប្រឡងបាក់ឌុបនេះ ដោយជឿជាក់ថាខ្លួននឹងបាននិទ្ទេសA។


យុវតីរូបនេះនិយាយដូច្នេះថា៖ «ខ្ញុំ និងសិស្សដទៃទៀត ភាគច្រើនធ្វើបានល្អនូវព្រឹកហ្នឹង។ វិញ្ញាសាស្រួលជាងការគិត ខ្ញុំជឿជាក់ថានឹងបាននិទ្ទេសល្អ ត្រូវតែជឿជាក់។ និយាយទៅ ពួកខ្ញុំ និងក្រុមខ្ញុំទាំងអស់ គឺខិតខំរៀនតាំងពីដើមឆ្នាំមក ពួកខ្ញុំចូលរៀនខែ៩ អ៊ីចឹងពួកខ្ញុំចូលរៀនគូរតាំងពីខែ៧មក»

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានកត់សម្គាល់ថា បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះមានការខិតខំរៀនសូត្របានល្អប្រសើរ ខណៈការប្រឡងឆ្នាំនេះសិស្សានុសិស្សមានពេលសិក្សាដើម្បីត្រៀមប្រឡងបានច្រើនជាងសិស្សឆ្នាំមុនៗ ពោលរយៈពេល១០ខែឯណោះ ដោយសារឆ្នាំនេះក្រសួងបានបើកដំណើរការសិក្សាពេញលេញ និងមានការពន្យារពេលប្រឡងមួយខែ ដោយសារកម្ពុជាជាប់រវល់នឹងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា។

គូសបញ្ជាក់ថា នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន ២២៦៤នាក់ ស្រី១០០៤នាក់ ក្នុងនោះមានបញ្ហាសុខភាព១៧នាក់ ហើយក្នុងនោះមានម្នាក់សង្ស័យវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក