ប្រេស៊ីល៖ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Vinicius Jr ពិចារណាលើការផ្តាច់កុងត្រាជាមួយក្រុមហ៊ុនសម្ភារៈ Nike ខណៈសារព័ត៌មានកីឡាជាច្រើនបានបង្ហើបថា Vinicius Jr មានអារម្មណ៍ថាមិនស្មើភាពក្នុងកិច្ចសន្យាជាមួយក្រុមហ៊ុនសម្ភារៈកីឡាអាមេរិកមួយនេះ។
ខ្សែប្រយុទ្ធ Vinicius Jr របស់ក្លិប Real Madrid ដែលបច្ចុប្បន្នកំពុងមានវត្តមានជាមួយក្រុមជម្រើសជាតិប្រេស៊ីលក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ក្នុងប្រទេសកាតា ត្រូវបានគេដឹងថាកំពុងធ្វើការងារជាមួយមេធាវី ដើម្បីសិក្សាពីលទ្ធភាពបញ្ចប់កុងត្រាជាមួយក្រុមហ៊ុន Nike ខណៈសុពលភាពនៃកិច្ចសន្យារបស់ភាគីទាំងពីរបានព្រមព្រៀងបញ្ចប់នៅឆ្នាំ ២០២៨ ឯណោះ។
យ៉ាងណាមិញ នៅមិនទាន់មានការឆ្លើយតបណាមួយពីសំណាក់ក្រុមហ៊ុន Nike នៅឡើយជុំវិញបញ្ហានេះ។
គួរបញ្ជាក់ថា Vinicius Jr គឺជាអ្នកតំណាងដ៏៏ធំបំផុតរបស់ក្រុមហ៊ុន Nike ក្នុងក្រុមជម្រើសជាតិប្រេស៊ីល ក្រោយពេលដែល Nike បានផ្តាច់កិច្ចសន្យាជាមួយ Neymar កាលពីឆ្នាំ២០២១ ខណៈ Nike ក៏ជាក្រុមហ៊ុនផ្គត់ផ្គង់ឯកសណ្ឋានផ្លូវការរបស់ក្រុមជម្រើសជាតិប្រេស៊ីលផងដែរ៕