ភ្នំពេញ៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានឈានដល់ការគ្រងជើងឯកលីគកំពូលកម្ពុជា “Cambodian Premier League” ជាលើកទី៨ របស់ខ្លួនដោយក្តីរំភើបស្ទើរស្មានមិនដល់ ក្រោយឈ្នះក្លិបបឹងកេត ដោយលទ្ធផល ៥-០ ក្នុងការប្រកួតសប្តាហ៍ចុងក្រោយនៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២២ នេះ នៅកីឡដ្ឋាន ស្មាត អ អេស អិន។
គួរបញ្ជាក់ថា ភ្នំពេញក្រោន បាននាំមុខបឹងកេត ដោយលទ្ធផល ៣-០ នៅវគ្គទី១ ដោយគ្រាប់បាល់របស់កីឡាករ Yudai Ogawa, Fareed Sadat និង លឹម ពិសុទ្ធ ខណៈបន្ថែមគ្រាប់បាល់វគ្គទី២ ដោយកីឡាករ Fareed Sadat ជាថ្មីនៅនាទីទី៦៦ និងគ្រាប់ចុងក្រោយដោយកីឡាករ Valerii Hrysyn នៅនាទីទី៨៥ ។
ដោយឡែក ជើងឯករងបានទៅលើក្លិបបាល់ទាត់វិសាខា និងលេខ ៣ គឺក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដោយប្រកួតចុងក្រោយវិសាខា ឈ្នះព្រះខ័នរាជស្វាយរៀង ១-០ ដោយគ្រាប់បាល់របស់ Paulo Victor នៅកីឡដ្ឋានខេត្តស្វាយរៀង។
ការគ្រងជើងឯកនាឆ្នាំ២០២២ នេះគឺជាលើកទី៨ ហើយសម្រាប់ភ្នំពេញក្រោន ដោយក្លិបធ្លាប់គ្រងជើងឯកកាលពីឆ្នាំ ២០០២ (ក្លិបឈ្មោះ Samart United) នៅឆ្នាំ ២០០៨ (ក្លិបឈ្មោះ Phnom Penh Empire) និងនៅឆ្នាំ ២០១០, ២០១១, ២០១៤, ២០១៥ និងចុងក្រោយបង្អស់នៅឆ្នាំ ២០២១ មុននឹក្លាយជាម្ចាស់ថ្មីដំបូងគេនៃពានរង្វាន់ Cambodian Premier League។ ភ្នំពេញក្រោន នឹងតំណាងកម្ពុជាក្នុងការប្រកួតពានរង្វាន់អន្តរជាតិ AFC Cup នៅឆ្នាំ២០២៣៕