រដ្ឋសម្រេចបង្កើតមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងអនុញ្ញាតឱ្យរៀបចំផែនការថវិកាដើម្បីសុំពីក្រសួងសេដ្ឋកិច្ច
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត «មូលនិធីកម្ពុជាគ្មានមីនឆ្នាំ២០២៥» សម្រាប់គ្រប់គ្រងថវិការក្នុងការបោសសម្អាតមីន និងគ្រាន់មិនទាន់ផ្ទុះ ព្រមទាំងរំដោះផ្ទៃដីសង្ស័យមានមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីចូលរួមគាំទ្រគោលដៅកម្ពុជាអស់មីនឆ្នាំ២០២៥។
ក្នុងអនុក្រឹត្យចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចមូលនិធិនេះដែលហៅកាត់ថា «ម.ក.គ.ម ២០២៥» ដែលនឹងត្រូវទទួលវិភាគទានថវិកាពីរដ្ឋរៀងរាល់ឆ្នាំដល់ឆ្នាំ២០២៥ តាមការចាំបាច់ជាក់ស្ដែង។
មាត្រា៣នៃអនុក្រឹត្យនៃចែងថា៖ «វិភាគទាំនពីថិការរដ្ឋ ត្រូវកត់ត្រានៅក្នុងកញ្ចប់ថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទទួលខុសត្រូវក្នុងការគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែង ម.ក.គ.ម ២០២៥ ដោយមានអគ្គនាយកដ្ឋានថវិកាជាលេខាធិការដ្ឋាន»។
បច្ចុប្បន្នរដ្ឋាភិបាលបានទម្លាក់ថវិកាដល់មូលនិធិនេះចំនួន៣០លានដុល្លារ។
នៅថ្ងៃទី១ ខែធ្នូ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះលើហ្វេសបុកផេករបស់សម្ដេចថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថវិកាចំនួន ១៨ ៤៧៣ ៥៧០ ដុល្លារដែលចេញពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែនិងសប្បុរសជនសម្រាប់ការដោះមីនត្រូវចំណាយអស់នៅត្រឹមព្រឹកថ្ងៃទី១ ធ្នូ ២០២២នេះ។ ដើម្បីធានាថាឆ្នាំ២០២៥ កម្ពុជានឹងអស់គ្រាប់មីនខ្ញុំបានពិភាក្សាជាមួយឯកឧត្តម អូន ពន្ធមុនីរត្ឋ័បញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារភ្លាមដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ»។
សម្ដេចតេជោបន្ថែមថា ថវិកានេះរួមជាមួយថវិកាពីដៃគូរអភិវឌ្ឍអាចបន្តប្រើប្រាស់បានក្នុងឆ្នាំ២០២៣។ ក្នុងករណីខ្វះនិងសម្រាប់ឆ្នាំ២០២៤ និង២០២៥ អាជ្ញាធរមីនត្រូវធ្វើការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីរៀបចំថវិកាប្រចាំឆ្នាំ។ ដោយបានអំពាវនាវដល់សប្បុរសជនមេត្តាបន្តចូលរួមឧបត្ថម្ភទៅតាមលទ្ធភាពដើម្បីជួយឱ្យកម្ពុជាអស់មីនក្នុងឆ្នាំ២០២៥។
សម្ដេចតេជោថា៖ «សូមឲ្យឆ្នាំ២០២៥ ក្លាយជាឆ្នាំគ្មានមនុស្សស្លាប់ របួសនិងជាឆ្នាំប្រកបដោយស្នាមញញឹមបន្ទាប់ពីរងគ្រោះដោយគ្រាប់មីនរយៈពេល ៥៥ឆ្នាំ (១៩៧០-២០២៥)»៕