អង់គ្លេស៖ ម្ចាស់ក្លិបបិសាចក្រហម Manchester United គ្រួសារ Glazer កំពុងពិចារណាលើការប្រកាសលក់ក្លិបបាល់ទាត់មួយនេះ ដោយកំពុងសម្លឹងមើលជម្រើសយុទ្ធសាស្រ្តដែលអាចលក់ក្លិបនេះចេញបាន។ ប្រសិនបើគ្រួសារត្រកូល Glazer ប្រកាសលក់ក្លិបនេះមែន ខាងក្រោមនេះគឺជាបុគ្គល និងក្រុមហ៊ុនល្បីៗដែលនឹងអាចពិចារណាទិញយកក្លិបមួយនេះទៅគ្រប់គ្រងបន្តបាន។
១. JIM RATCLIFFE
មហាសេដ្ឋីពាន់លានសញ្ជាតិអង់គ្លេស Ratcliffe គឺជាអ្នកគាំទ្រស្មោះស្ម័គ្រម្នាក់របស់ម្ចាស់ជើងឯកលីគកំពូលអង់គ្លេស ២០សម័យនេះ ហើយធ្លាប់បានប្រកាសពីការចាប់អារម្មណ៍ទិញយកក្លិបនេះកាលពីខែសីហាកន្លងទៅ ប៉ុន្តែលោកបានប្រាប់ថា គ្រួសារ Glazer បានឆ្លើយតបថា ក្លិបនេះមិនសម្រាប់ដាក់លក់ឡើយ។ ក្រៅពីបរាជ័យក្នុងការទិញយកក្លិប Manchester United ហើយ ថ្មីៗនេះ លោកក៏បានបរាជ័យក្នុងការទិញយកក្លិប Chelsea ផងដែរ បន្ទាប់ពីម្ចាស់ជនជាតិរុស្សីរងទណ្ឌកម្មពីរដ្ឋាភិបាលអង់គ្លេស។
២.DAVID BECKHAM
ទស្សនាវដ្តី The Financial Times បានចុះផ្សាយថា អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស និងជាអតីតខ្សែបម្រើក្លិប Manchester United រូបនេះ ក៏ធ្លាប់បើកការចរចារកឱកាសទិញយកក្លិប Manchester United ផងដែរ។ បច្ចុប្បន្នលោកជាម្ចាស់សហកម្មសិទ្ធិលើក្លិបបាល់ទាត់ Inter Miami ដែលកំពុងស្ថិតក្នុងក្របខណ្ឌ Major League Soccer នៅសហរដ្ឋអាមេរិក។
ភាពល្បីល្បាញរបស់ Beckham នៅ Old Trafford រួមជាមួយសមិទ្ធិផលជោគជ័យជាច្រើនរបស់ Beckham ក្នុងរជ្ជកាលលោក Sir Alex Ferguson ជាមូលហេតុមួយដែលគេជឿថា Beckham អាចជាបេក្ខភាពដែលជោគជ័យក្នុងការចរចាទិញក្លិបមួយនេះ។
៣. អ្នកវិនិយោគមកពីតំបន់ឈូងសមុទ្រអារ៉ាប់
គូប្រជែងរួមទីក្រុង Manchester ពោលគឺ Manchester City បច្ចុប្បន្ននេះកំពុងស្ថិតក្រោមការគ្រប់គ្រងហិរញ្ញវត្ថុដោយក្រុមហ៊ុន Abu Dhabi United Group ខណៈក្រុមហ៊ុនមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត ទើបតែជះលុយ ៣០០លានផោនទិញយកក្លិប Newcastle United កាលពីឆ្នាំមុនផងដែរ។ ក្រៅពីអង់គ្លេស ក្លិប Paris Saint Germain របស់បារាំងឯណោះក៏ស្ថិតក្រោមការវិនិយោគពីក្រុមហ៊ុននៅឈូងសមុទ្រអារ៉ាប់ផងដែរ ខណៈកន្លងមកក៏ធ្លាប់មានព័ត៌មានថាធុរជននៃទីក្រុង Dubai ចាប់អារម្មណ៍លើក្លិប Manchester United ផងដែរ។
៤. APPLE
សារព័ត៌មាន Daily Star បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យា Apple ដែលគ្មានបទពិសោធន៍លើផ្នែកក្លិបបាល់ទាត់សោះបានចាប់អារម្មណ៍ទិញយកក្លិបនេះ។ ប្រសិនបើការចរចានេះពិតជាកើតឡើង Manchester United នឹងក្លាយជាក្លិបដែលមានបំផុតលើលោក។
៥. ស្ថាបនិកក្រុមហ៊ុន ZARA
ដោយឡែក សារព័ត៌មាន The Manchester Evening News បានរាយការណ៍ថា អ្នកជំនួញជនជាតិអេស្ប៉ាញ លោក Amancio Ortega ជាស្ថាបនិកក្រុមហ៊ុន Brand សម្លៀកបំពាក់ល្បីល្បាញ ZARA និងមានទ្រព្យសម្បត្តិប្រមាណ ៦១.៣ពាន់លានដុល្លារ បានប្រាប់ទៅប្រធានប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនរបស់លោកផងដែរថា លោកមានចំណាប់អារម្មណ៍ក្នុងការទិញយកក្លិប Manchester United៕