ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ «ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលចាប់ផ្តើមបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ បានលើកឡើងថា ដោយសារមាន សម្តេចចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចតេជោ ហ៊ុន សែន និងកម្លាំងវីវជនស្នេហាជាតិជាច្រើនរូបទៀត រួមកម្លាំងគ្នាបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ក្នុងការផ្គួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទើបទទួលជ័យជម្នះលើរបបនេះនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។
«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។
ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្សប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេង ពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា ពោលដែលបានបើកឡើងនូវសករាជថ្មី។
សម្តេចបានថ្លែងថា៖ «ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារកសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌នៃប្រវត្ដិសាស្ដ្រ»៕