ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត បេ្តជ្ញាគ្រប់គ្រងដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជឱ្យមានភាពរីកចម្រើន

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានសម្រេចប្រគល់ភារកិច្ចប្រគេន ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត បច្ចុប្បន្នជាព្រះសាកលវិទ្យាធិការរង ឱ្យទទួលគ្រប់គ្រង និងដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។

នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ក្រសួងធម្មការ និងសាសនា បានប្រារព្ធពិធី ប្រគល់ភារកិច្ចប្រគេន ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ឱ្យទទួលគ្រប់គ្រង និងដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចព្រះព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះអគ្គាធិការរង, រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក សេង សុមុនី, ព្រះសង្ឃ និងនិស្សិតជាច្រើនអង្គនិងនាក់ទៀត។

ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត មានសង្ឃដីកាថា ព្រះអង្គនឹងបេ្តជ្ញាខិតខំគ្រប់គ្រងដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជឱ្យមានភាពរីកចម្រើន។ តែយ៉ាងណាព្រះអង្គបានលើកទឹកចិត្តដល់ក្រសួងធម្មការ និងសាសនា និងមន្ត្រីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បន្តជួយជ្រោមជ្រែង ដើម្បីឱ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជមានការអភិវឌ្ឍបន្ថែមទៀត ខណៈសាកលវិទ្យាល័យនេះ គឺជាសាកលវិទ្យាល័យតែមួយគត់ដែលបណ្តុះបណ្តាលជំនាញទស្សនវិជ្ជាព្រះពុទ្ធសាសនា និងភាសាបាលីសំស្រ្កឹតនៅកម្ពុជា។

រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បានអះអាងថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំគ្រប់គ្រង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គឺមិនមែនដោយសារតែថ្នាក់ដឹកនាំចាស់មានកំហុសឡើយ។

លោកថ្លែងថា៖ «សូមកុំមានការយល់ច្រឡំថា ក្រសួង ឬគណៈសង្ឃ ដក គឺមិនមែនទេ គឺជាការបំពេញបន្ថែមនូវអ្វីដែលធ្វើឱ្យប្រសើរឡើងបន្ថែមទៀត។ អ្នកដឹកនាំដែលលោកជាអ្នកបន្តមុន លោកមានសុខភាពមិនល្អ ឬក៏មានការងាររវល់ ឬមានកាតព្វកិច្ចផ្សេង[...]»។

សូមបញ្ជាក់ថា ព្រះមុនីកោសលបណ្ឌិត យ៉ន សេង យៀត ជាព្រះសង្ឃខ្មែរ ដែលបានបញ្ចប់ការសិក្សាថា្នក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិត ថ្នាក់ក្រោយបណ្ឌិត នូវជំនាញផ្សេងៗ នៅសាកលវិទ្យាល័យបរទេសល្បីៗជាច្រើន។

គូសបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានគណៈគ្រប់គ្រង មន្ត្រីសង្ឃ មន្ត្រីរាជការ មន្ត្រី កិច្ចសន្យា សរុបចំនួន ១៦៥ អង្គនិងនាក់។ ក្នុងនោះទីតាំងគោលរាជធានីភ្នំពេញមានចំនួន ១០៧អង្គនាក់ សាខាខេត្តកំពង់ឆ្នាំង ២៥អង្គ និងនាក់ និងសាខាខេត្តបាត់ដំបងមាន ៣៣អង្គនិងនាក់។

បច្ចុប្បន្នមានសមណនិស្សិត និស្សិត កំពុងសិក្សានៅទាំង៣ទីតាំងមានចំនួន ១៩៩៣អង្គនិងនាក់ ក្នុងនោះព្រះសង្ឃ មានចំនួន ៤២២អង្គ និស្សិតប្រុស មានចំនួន ៥១១នាក់ និងនិស្សិតស្រី មានចំនួន ១០៦១៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក