អ៉ីស្រាអែល៖ រដ្ឋាភិបាលអ៉ីស្រាអែល នឹងធ្វើការដឹកជញ្ជូនវ៉ាក់សាំងប្រភេទ Pfizer-BioNTech ដែលផុតកំណត់ចំនួន ៧០០,០០០ដូសទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅដំណាច់ខែកក្កដានេះ ខណៈដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានសន្យាថានឹងផ្តល់នូវវ៉ាក់សាំងថ្មីក្នុងចំនួនដូចគ្នានេះមកឱ្យប្រទេសអ៉ីស្រាអែលវិញ ដែលវ៉ាក់សាំងចំនួន ៧០ម៉ឺនដូសនោះបានកុម្ម៉ង់រួចរាល់ហើយពីរោងចក្រផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ហើយនឹងប្រគល់ទៅអ៉ីស្រាអែលនាខែកញ្ញា និងតុលាខាងមុខនេះ។ កន្លងមកកូរ៉េខាងត្បូង បានព្យាយាមចែកចាយវ៉ាក់សាំងដែលខ្លួនផលិតបានតាមការកុម្ម៉ង់ទៅកាន់បណ្តាប្រទេសផ្សេងៗ ប៉ុន្តែមិនអាចផ្គត់ផ្គង់បានទាន់ពេលវេលា អាស្រ័យទៅលើផលវិបាកនានាទៅលើការផ្គត់ផ្គង់ ជាពិសេសសម្រាប់ប្រទេសក្នុងតំបន់អាស៊ី។
ភាគីអ៉ីស្រាអែល លោកនាយករដ្ឋមន្រ្តី Naftali Bennett បានលើកឡើងលើការប្តូរវ៉ាក់សាំងថ្មីចំនួន ៧០០,០០០ដូសនេះ ថាជាយុទ្ធសាស្រ្ត "ឈ្នះ ឈ្នះ" ដោយលោកបន្ថែមថា រួមគ្នាពួកយើងនឹងអាចយកឈ្នះវីរុសកូវីដ-១៩។ កាសែត Haaretz របស់អ៉ីស្រាអែលបានចុះផ្សាយថា អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលកូរ៉េខាងត្បូង នៅមិនទាន់មានមតិណាមួយជុំវិញកិច្ចព្រមព្រៀងប្តូរវ៉ាក់សាំងនេះនៅឡើយទេ។
កន្លងមក អ៉ីស្រាអែលបានប្រកាសពីភាពជោគជ័យមុនគេបង្អស់ក្នុងការយកឈ្នះលើកូវីដ-១៩ក្នុងប្រទេស ដោយប្រជាជនទាំងអស់អាចរស់នៅក្នុងបរិបទធម្មតាគ្មានការហាមឃាត់ការជួបជុំ គ្មានម៉ាស់ គ្មានគម្លាត ក្រោយពីយុទ្ធនាការផ្តល់វ៉ាក់សាំងបានជោគជ័យយ់ាងងសម្បើម។ ដោយឡែកសម្រាប់កូរ៉េខាងត្បូងវិញ បានលើកឡើងកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលរំពឹងអាចបង្កើនភាពស៊ាំបានលឿននៅទូទាំងប្រទេសនាអំឡុងខែវិច្ឆិកាខាងមុខនេះ ដោយបង្កើនការផ្តល់វ៉ាក់សាំងយ៉ាងហោចណាស់ ១ដូស ឱ្យបាន ៧០ភាគរយនៃចំនួនប្រជាជនកូរ៉េខាងត្បូងសរុប ខណៈវ៉ាក់សាំងដែលត្រូវប្រើប្រាស់ជាផ្លូវការយ៉ាងទូលំទូលាយនៅកូរ៉េខាងត្បូងគឺ Pfizer៕