បរទេស៖ ផ្អែកតាមប្រភពសារព័ត៌មានបរទេស (MARCA) បានចុះផ្សាយថា កីឡាករលំដាប់ពិភពលោក Cristiano Ronaldo កំពុងស្ថិតក្នុងការចរចាលក្ខខណ្ឌផ្ទេរទៅកាន់ក្លិប Al Nassr ក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះ។ ក្នុងនោះផងដែរ ប្រភពដដែលបានឱ្យដឹងថា ការផ្ទេរ Ronaldo ទៅកាន់ក្លិបនៅតំបន់អារ៉ាប់នេះ កីឡាករវ័យ ៣៧ឆ្នាំខាងលើ នឹងទទួលបានប្រាក់នឿយហត់ចំនួន ២០០លានអឺរ៉ូក្នុងមួយរដូវកាល ដែលចំនួនប្រាក់ដ៏សម្បើមនេះ បូករួមបញ្ចូលទាំងប្រាក់ថ្លៃពលកម្ម រួមទាំងកិច្ចព្រមព្រៀងផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។
កំពូលកីឡាកររូបនេះបានស្ថិតនៅក្នុងលក្ខខណ្ឌទំនេរគ្មានក្លិបប្រកបអាជីព បន្ទាប់ពីបានបញ្ចប់កុងត្រាដោយព្រមព្រៀងគ្នាជាមួយក្លិប Manchester United ក្រោយរឿងរ៉ាវដ៏ស្មុគស្មាញកើតឡើង បន្ទាប់ពីកិច្ចសម្ភាសន៍មួយដោយកីឡាករ Ronaldo។
តាមពិតទៅ ទស្សនៈដូចៗគ្នាជាច្រើនបានលើកឡើងជុំវិញការផ្ទេរយក Ronaldo ទៅកាន់ប្រទេសដែលមានធនធានមហាសាលដោយសម្បត្តិប្រេងនេះ ពោលគឺវត្តមានរបស់ Ronaldo ត្រូវគេជឿថា នឹងបែរកាណុងរបស់ប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោកឱ្យទៅចាប់អារម្មណ៍លីគមួយនេះ ខណៈតម្លៃ ២០០លានអឺរ៉ូក្នុងមួយឆ្នាំនេះ មិនមែនជាបញ្ហាឡើយសម្រាប់ក្លិប Al Nassr ដែលជាក្លិបខ្លាំង និងលេចធ្លោមួយនៃលីគកំពូលអារ៉ាប៊ីសាអូឌីតទៅហើយ។
គួរបញ្ជាក់ថា ក្លិប Al Nassr ប្រកបអាជីពក្នុងលីគកំពូលអារ៉ាប៊ីសាអូឌីត មានមូលដ្ឋាននៅរាជធានី Riyadh ជាក្លិបធ្លាប់គ្រងជើងឯកលីគកំពូលអារ៉ាប៊ីសាអូឌីតបាន ៣លើកនៅឆ្នាំ ២០១៤ ឆ្នាំ២០១៥ និងចុងក្រោយនៅឆ្នាំ២០១៩៕