ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អង្គការ World Vision បើកដំណើរការ «មណ្ឌលសុខភាពស្រឡាញ់ទារក» ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ

សៀមរាប៖ អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា (World Vision) បានបើកដំណើរការសាកល្បងនូវ «មណ្ឌលសុខភាពស្រលាញ់ទារក និងការថែទាំព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់» នៅតាមមណ្ឌលសុខភាពចំនួន៨ នៅខេត្តសៀមរាប នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

កម្មវិធីសាកល្បងនេះនឹងអនុវត្តពេញមួយឆ្នាំចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីលើកកម្ពស់ការបំបៅដោះកូនដោយទឹកដោះម្តាយ និងសុខុមាលភាពកុមារ ក្នុងនៅមណ្ឌលសុខភាពចំនួន៨ នៅខេត្តសៀមរាប ស្របតាមគោលការណ៍ណែនាំគំនិតផ្តួចផ្តើម មន្ទីពេទ្យស្រលាញ់ទារក ដែលក្រសួងសុខាភិបាល បានឱ្យដាក់ដំណើរការ កាលខែកញ្ញា ឆ្នាំ២០២២។

កុមារអាយុក្រោម៥ឆ្នាំ ដែលមានកង្វះអាហារូបត្ថម្ភស្រួចស្រាល់ ទារកទើបកើតជាង ២០០០នាក់ និងស្រ្តីមានផ្ទៃពោះជាង ៣០០០នាក់ នឹងផ្តល់អត្ថប្រយោជន៍តាមរយៈគំនិតផ្តួចផ្តើមសាកល្បងនេះ។ ជាមួយគ្នានេះដែរ គម្រោងនេះ ក៏នឹងជួយលើកកម្ពស់គុណភាពសេវានៅមណ្ឌលសុខភាពចំនួន៨ នៅស្រុកពួក និងស្រុកវ៉ារិន ព្រមទាំងមន្ទីរពេទ្យបង្អែកអង្គរជុំ ខេត្តសៀមរាប។

ប្រធានបច្ចេកទេសកម្មវិធីអាហារូបត្ថម្ភនៃអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា លោកស្រី Grana Pu Selvi បានលើកឡើងថា គ្រឹះស្ថានសុខាភិបាល ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្ត និងគាំទ្រម្តាយវ័យក្មេងឱ្យបំបៅកូនដោយទឹកដោះ។

លោកស្រី Grana Pu Selvi បាននិយាយថា ប៉ុន្មានថ្ងៃដំបូងនៃជីវិតរបស់ទារកទើបនឹងកើត គឺជាពេលវេលាដ៏សំខាន់មួយក្នុងការគាំទ្រដល់ម្តាយ ដើម្បីឱ្យពួកគាត់បំបៅកូនដោយទឹកដោះប្រកបដោយជោគជ័យ»។

បើតាមលោកស្រី Grana Pu Selvi អង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ បានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់គំនិតផ្តួចផ្តើម មន្ទីរពេទ្យស្រលាញ់ទារក ជាសកល ដើម្បីលើកទឹកចិត្តដល់គ្រឹះស្ថានសុខាភិបាលទូទាំងសកលលោកគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយឱ្យកាន់តែប្រសើរឡើង។

លោកស្រីនិយាយថា៖ «មានជំហានចំនួន១០ ដែលត្រូវបានណែនាំ ដើម្បីលើកកម្ពស់ការថែទាំព្យាបាលទាំងម្តាយ និងទារកប្រកបដោយជោគជ័យ។ ជំហានទាំង១០ គឺផ្តោតទៅលើការការពារ និងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ ជាមួយស្រ្តីមានផ្ទៃពោះ និងស្រ្តីទើបសម្រាលកូននៅតាមមណ្ឌលសុខភាព។ ដូច្នេះហើយ មានភ័ស្តុតាងជាច្រើន ដែលបង្ហាញថាការអនុវត្តជំហានទាំង១០នេះនៅតាមមណ្ឌលសុខភាពនឹងធ្វើឱ្យប្រសើរឡើងនូវអត្រាការបំបៅកូនដោយទឹកដោះម្តាយ»

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ប្រាក់ សោភ័ណ្ឌនារី បានលើកឡើងថា ក្រសួងសុខាភិបាលនឹងសហការជាមួយដៃគូអភិវឌ្ឍន៍ អង្គការទស្សនៈពិភពលោកអន្តរជាតិ ដើម្បីបង្កើនអត្រាបំបៅដោះកូននៅក្នុងប្រទេស។ លោកស្រីថា៖ «វាចាំបាច់ណាស់ក្នុងការលើកកម្ពស់ចំណេះដឹងក្នុងចំណោមស្ត្រីមានផ្ទៃពោះ និងម្តាយក្រោយសម្រាល អំពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ»។

ប្រធានមណ្ឌលសុខភាពសសរស្តម នៃការិយាល័យស្រុកប្រតិបត្តិអង្គរជុំ លោកស្រី ឈា គឹមឆាត គាំទ្រលើគំនិតផ្គួចផ្តើមនេះ ដោយលោកស្រីរំពឹងថា កម្មវិធីសាកល្បងនេះ នឹងជួយលើកកម្ពស់ការផ្តល់សេវាតាមមណ្ឌលសុខភាព បង្កើនអត្រាបំបៅដោះកូនដោយទឹកដោះម្តាយ ជាពិសេសកុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ និងបញ្ហាសុខភាពផ្សេងៗទៀត នឹងទទួលបានការព្យាបាលទាន់ពេលវេលា។

សូមបញ្ជាក់ថា តាមរយៈការស្ទង់មតិប្រជាសាស្ត្រ និងសុខភាពកម្ពុជា ចាប់ពីទសវត្សរ៍ឆ្នាំ៩០ និងដើមឆ្នាំ២០០០ អត្រាទារកដែលបៅដោះម្តាយតែមួយមុខគត់ ក្នុងរយៈពេល ៦ខែដំបូងគឺមានចំនួន ៧៤ភាគរយ។ នៅឆ្នាំ២០២១ អត្រានេះបានថយមកត្រឹម ៥១ភាគរយ ខណៈស្រ្តីកម្ពុជាសម្រាលកូននៅតាមមណ្ឌលសុខភាព គ្លីនិក មន្ទីរពេទ្យ មានការកើនឡើង ៩៨ភាគរយ។ ប៉ុន្តែអត្រាភាគរយទាបនៃការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយដំបូងមានត្រឹមតែ ៥៤ភាគរយ។

តាមការអង្កេតប្រជាសាស្ត្រនិងសុខភាពនៅកម្ពុជាឆ្នាំ២០២១ បានបង្ហាញថា កុមារអាយុក្រោម៥ឆ្នាំ ចំនួន ៩,៦ភាគរយមានបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ខណៈអត្រាកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនៅទូទាំងពិភពលោកមាន ៨ភាគរយ ដោយចុះមកត្រឹម ៧,៥ភាគរយវិញក្នុងអំឡុងពិភពលោកមានវិបត្តិសន្ដិសុខស្បៀង។ ពិភពលោកនឹងកាត់បន្ថយបញ្ហានេះមកត្រឹម ៥ភាគរយ នៅឆ្នាំ២០២៥ និងថយមកត្រឹម៣ភាគរយនៅឆ្នាំ២០៣០ ខាងមុខនេះ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមឆ្នាំ២០២១ អត្រាស្លាប់របស់ម្តាយ និងទារកមានការថយចុះគួរជាទីកត់សម្គាល់។ កម្ពុជាបានសម្រេចជោគជ័យក្នុងការលុបបំបាត់ជំងឺគ្រុនស្វិតដៃជើងនៅឆ្នាំ២០០០ និងជំងឺកញ្ជ្រឹលនៅឆ្នាំ២០១៥៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក