បន្ទាយមានជ័យ៖ ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោក គន់ គីម បានលើកឡើងថា សុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន គឺជាកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំពិសេសប្រមុខរដ្ឋាភិបាលកម្ពុជា តែងតែមានការយកចិត្តទុកដាក់ទំនុកបម្រុងឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់អតីតយុទ្ធជន ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារប្រទេសជាតិមាតុភូមិ។
ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ ដែលជាទីស្នាក់ការដំបូងគេ នៅក្នុងរាជធានី-ខេត្តទាំង២៥ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសំណេះសំណាលជាមួយអតីតយុទ្ធជន ចំនួន ២០០នាក់ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក គន់ គីម បានថ្លែងថាក្រោយពេលដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមម្លប់នៃសន្តិភាព ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកបងប្អូនអតីតយុទ្ធជន គឺជាវរៈជនដ៏អង់អាចអង់អាចក្លាហាន ដែលបានបន្សល់ទុកនូវស្នាដៃជាច្រើនជូនជាតិ មាតុភូមិកម្ពុជា។
លោកបន្ថែមថា ជាមួយគុណបំណាច់ដែលមិនអាចកាត់ថ្លៃបាន សម្តេចតេជោ បានដាក់ចេញគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនដល់អតីតយុទ្ធជនដែលបាត់បង់សមត្ថភាព ពិការ ផ្តល់ជូននូវលំនៅឋាន ដីកសិកម្ម ដើម្បីបង្កបង្កើនផលចិញ្ចឹមគ្រួសារ បានធ្វើឱ្យជីវភាពរបស់អតីតយុទ្ធជន មានភាពល្អប្រសើរឡើង។
ទីតាំងស្នាក់ការដែលត្រូវសាងសង់នេះមានផ្ទៃដី ចំនួន ៤ហិកតា គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កសាងដោយកសាងដោយ អ្នកឧកញ៉ា បណ្ឌិត ម៉ម វណ្ណឌី ដែលមានអគារទីស្នាក់ការសមគមអតីតយុទ្ធជនចំនួន ១ខ្នង ឃ្លាំងសម្ភារ: ចំនួន ២កន្លែង អគារបណ្តុះបណ្តាលវិជ្ជាជីវ អគារស្នាក់នៅ កន្លែងធ្វើជើង ឬដៃសិប្បនិមិត្ត រួមនឹងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀតផងដែរ៕