ភ្នំពេញ៖ រដ្ឋសភាកម្ពុជាបានអនុម័តយល់ព្រមលើសេចក្ដីព្រាងច្បាប់ថវិការឆ្នាំ២០២៣ ដែលអនុញ្ញាតដល់រដ្ឋាភិបាលក្នុងការចាយលុយជាង ៩ ៨០០លានដុល្លារនៅឆ្នាំក្រោយ។
កិច្ចប្រជុំនេះធ្វើនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលដឹកនាំដោយអនុប្រធានទី១ នៃរដ្ឋសភា លោក ជាម យៀប ដោយមានសមាជិកសភាចូលរួម៩៨រូប។
ច្បាប់នេះត្រូវបានអង្គសភាអនុម័តទាំងស្រុងក្នុងសំឡេង ៩៨ លើ ៩៨។ បន្ទាប់ពីត្រូវបានអនុម័តសេចក្ដីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាដើម្បីយល់ព្រម មុននឹងបញ្ជូនថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់។
គួរឱ្យដឹងផងដែរថារដ្ឋាភិបាលគ្រោងចាយលុយក្នុងឆ្នាំ២០២៣ មានចំនួន ៣៩ ២០៦ ២០៥លានរៀល ដែលស្មើនឹងជាង ៩ ៨០០លានដុល្លារអាមេរិកមានកំណើន ១៣% បើធៀបនឹងគម្រោងចំណាយឆ្នាំ២០២២ ក្នុងនោះចំណាយលើប្រាក់ខែមន្ត្រីអស់ជាង ៥ ៧០០លានដុល្លារអាមេរិក និងចំណាយសម្រាប់ការវិនិយោគនិងសងបំណុលជាង ៤ពាន់លានដុល្លារអាមេរិក។
យោងតាមខ្លឹមសារសង្ខេបសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលត្រូវបានអនុម័តកាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ដោយគណៈរដ្ឋមន្ត្រី លុយជិត ១ម៉ឺនលានដុល្លារនេះត្រូវចំណាយលើវិស័យចំនួន៤ធំៗ ដែលមានដូចជាវិស័យរដ្ឋបាលទូទៅ វិស័យការពារជាតិ សន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ វិស័យសង្គមកិច្ច និងវិស័យសេដ្ឋកិច្ច។
ឆ្នាំ២០២៣ ក្រសួងអប់រំនៅតែទទួលបានការទម្លាក់ថវិការពីរដ្ឋច្រើនជាងគេដដែលមានមានតម្លៃប្រមាណជិត ១ពាន់លានដុល្លារ ក្រសួងសុខាភិបាលទទួលបានជាង ប្រាំពីររយលានដុល្លារ ក្រសួងការពារជាតិជិត ប្រាំពីររយលានដុល្លារ ប្រហាក់ប្រហែលនិងក្រសួងសាធារណការ ខណៈក្រសួងមហាផ្ទៃ ទទួលបានជាង ៥៦០លានដុល្លារអាមេរិក ហើយក្រសួងសង្គមកិច្ច ទទួលបានជាង ៣៦៧លានដុល្លារអាមេរិក។
បើតាមក្រសួងសេដ្ឋកិច្ច ថវិការសម្រាប់ឆ្នាំ២០២៣ ត្រូវបានគិតគូរ និងរៀបចំឡើងដើម្បីបន្តស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យស្ថិតនៅលើគន្លងនៃកំណើនខ្ពស់ និងរស់រវើកឡើងវិញតាមគន្លងប្រក្រីតភាពថ្មីជាមួយនឹងជំងឺកូវីដ-១៩ ខណៈឆ្នាំ២០២៣ មានគោលនយោបាយអទិភាពជាច្រើនដែលរួមមានការ តម្លើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ ការបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះពីហានិភ័យអតិផរណា ការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច។
បន្ថែមលើនេះថវិកាឆ្នាំ២០២៣ ក៏នឹងត្រូវបែងចែកទៅ លើការបន្តអនុវត្តកម្មវិធីសាច់ប្រាក់ពលកម្ម កម្មវិធីអន្តរាគមន៍លើផ្នែកបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គម្រោងអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែង ការត្រៀមដោះស្រាយថវិកាសម្រាប់អគ្គិសនីកម្ពុជា ជាពិសេសគឺធានាជោគជ័យនៃការបោះឆ្នោតឆ្នាំ២០២៣ និងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣៕