សៀមរាប៖ ថ្វីត្បិតតែការបើកឡើងឆ្លងឧបសគ្គហាក់ដូចជាថ្មីសម្រាប់កម្ពុជា តែពេលខ្លះកម្ពុជាក៏ឡូយដែរ បន្ទាប់ពីទទួលបានជ័យជំនះដណ្ដើមបានលេខ១ នៅកម្រិតរថយន្តប្រើសាំងពីព្រឹត្តិការណ៍ ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ (Asia Cross Country Rally 2022) និងចំណាត់ថ្នាក់លេខ១១ ក្នុងចំណោមរថយន្តសរុប៣៤ បន្ទាប់ពីប្រណាំងលើចម្ងាយផ្លូវ ១៧០០គីឡូម៉ែត្រ នៅលើទឹកដីថៃ ៥ដំណាក់កាល និងបញ្ចប់នៅមុខប្រាសាទអង្គរវត្ត ទឹកដីព្រះរាជាណាចក្រកម្ពុជា ១ដំណាក់កាល កាលពីចុងសប្តាហ៍កន្លងទៅនៅខេត្តសៀមរាប។
ទីភ្នាក់ងារសារព័ត៌មានជាតិ AKP បានដកស្រង់សំដីរបស់ម្ចាស់ពាន Rally 2022 កីឡាករ វង្ស គីមហួត ដោយបានគូសបញ្ជាក់ថា៖ «សម្រាប់ប្រភេទ រថយន្តប្រើសាំង គឺយើងធ្វើបានល្អជាងគេ ដោយដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោម ប្រភេទរថយន្តសាំង ដែលសុទ្ធសឹងតែជើងខ្លាំងមកបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមកពីតំបន់អាស៊ី»។
ប្រធានក្លិប KARA លោក ហូ សិទ្ធីគុណ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្តសៀមរាប ដែលតែងតែអនុញ្ញាត និងគាំទ្រឱ្យក្លិបការ៉ាបានរៀបចំព្រឹត្តិការណ៍ប្រកួតកម្រិតអន្តរជាតិមួយនេះ ដើម្បីចូលរួមលើកស្ទួយ វិស័យកីឡាយានយន្តកម្ពុជាកាន់តែរីកចម្រើនជាបន្តបន្ទាប់។
ព្រឹត្តិការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Asia Cross Country Rally 2022 នេះ មាន៩ប្រទេសចូលរួម មាន កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម តៃវ៉ាន់ ជប៉ុន កូរ៉េ បារាំង និងប្រទេសថៃ។ ជាលទ្ធផលក្រុមប្រណាំងការ៉ាកម្ពុជា ទទួលបានចំណាត់លេខ១ លើប្រភេទរថយន្តសាំង និងលទ្ធផលរថយន្តសរុបទាំងសាំង និងម៉ាស៊ូត ក្រុមការ៉ា លេខ១១ ក្រុមសាយ៉ាម ប្រូតូថាយ លេខ១២ ក្នុងចំណោមរថយន្តសរុប ៣៤គ្រឿង៕