ព្រឹទ្ធសភាជួបជាមួយក្រសួងបរិស្ថានពិភាក្សាគ្នាលើសំណើរជនជាតិដើមភាគតិចស្នើកែសម្រួលចំណុចមួយចំនួននៃច្បាប់
ភ្នំពេញ៖ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) បានហៅរដ្ឋមន្ត្រីបរិស្ថាន លោក សាយ សំអាល់ មកជួបពិភាក្សាលើសំណើរបស់សហគមន៍ជនជាតិដើមភាគតិចក្នុងការកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើ ។
កិច្ចប្រជុំដែលដឹកនាំដោយប្រធានគណកម្មការទី១នៃព្រឹទ្ធិសភា លោក យ៉ង សែម នេះធ្វើឡើងនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយបានពិភាក្សាលើសំណូមពររបស់ជនជាតិដើមភាគតិចចំនួន ១៦អំបូរ ដែលសុំឲ្យបញ្ចូលចំណុចសេសសល់ និងសុំបន្ថែមចំណុចមួយចំនួនដូចជា ការបញ្ជាក់ពីមាត្រាជាក់លាក់ក្នុងការផ្ដល់នីតិសម្បទាដល់សហគមន៍ ជនជាតិដើមភាគតិចដែលបានចុះបញ្ជីស្របច្បាប់ជានគរបាលយុត្តិធម៌។ គួរទទួលស្គាល់យន្តការ និងវិធានការប្រពៃណីរបស់ជនជាតិដើមភាគតិចមុនយន្តការនិងអនុវត្តទោសតាមច្បាប់រដ្ឋក្នុងការដោះស្រាយ និងដាក់ទោសទណ្ឌ និងទី៣ សេចក្តីព្រាងច្បាប់ថ្មី គួរពិចារណា និងផ្អែកទៅលើសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើមភាគតិច និងអនុសញ្ញាលេខ១១១ ស្តីពីការរើសអើងក្នុងការងារនិងមុខរបរ ។
បច្ចុប្បន្ន ក្រសួងបរិស្ថានកំពុងរៀបរៀងសេចក្តីព្រាងច្បាប់ថ្មីចំនួន២ ក្នុងនោះមានសេចក្តីព្រាងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើ ដោយជនជាតិដើមភាគតិច បានស្នើបញ្ចូលធាតុចូលចំនួន៨ ដែលភាគច្រើន បានបញ្ចូលទៅក្នុងមាត្រានានា នៃសេចក្តីព្រាងច្បាប់ទាំងពីរ ហើយ និងនៅសល់តែ៣ចំណុចប៉ុណ្ណោះ ៕