ភ្នំពេញ៖ ពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ នឹងចាប់ផ្តើមធ្វើឡើងវិញរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៩-១១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះនៅបណ្ណាល័យជាតិ ក្រោយពីខកខានធ្វើបែបទ្រង់ទ្រាយធំអស់រយៈពេល ២ឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ-១៩។
គណៈកម្មការនៃពិព័រណ៍សៀវភៅកម្ពុជា រៀបចំពិព័រណ៍សៀវភៅឆ្នាំនេះក្រោមប្រធានបទ «មួយថ្ងៃអាន មួយថ្ងៃដឹង»។ ក្នុងពិព័រណ៍សៀវភៅខាងមុខនេះ នឹងមានស្តង់សៀវភៅរហូតដល់ ១៩៧ស្តង់ គឺកើនឡើងជាងឆ្នាំ២០១៩ ដែលមានតែ ១៤៥ស្តង់សៀវភៅ។
អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក គឹម ពីនន់ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា ពិព័រណ៍នេះរៀបចំឡើងដើម្បីជំរុញវប្បធម៌នៃការអានសៀវភៅដល់យុវជន។ ជាមួយគ្នានេះដើម្បីចូលរួមលើកស្ទួយស្នាដៃអ្នកនិពន្ធ និងគាំទ្រដល់វិស័យបោះពុម្ពផ្សាយនៅកម្ពុជា។
ប្រធានសមាគមបណ្ណារក្ស និងឯកសារវិទូរកម្ពុជា និងនាយកអង្គការស៊ីប៉ា លោក ហុក សុទ្ធិ បានកត់សម្គាល់ថា បច្ចុប្បន្នយុវជនកម្ពុជាចាប់ផ្តើមចាប់អារម្មណ៍លើការអានសៀវភៅ ប៉ុន្តែបើធៀបនឹងយុវជននៅប្រទេសជិតខាងគឺនៅមានកម្រិតនៅឡើយ។
លោកនិយាយថា៖ «មិនបាច់ទៅមើលប្រទេសណា យើងមើលត្រឹមប្រទេសថៃ និងវៀតណាម គេអានច្រើនជាងយើងឆ្ងាយណាស់ អ៊ីចឹងធ្វើឱ្យវិស័យផ្សេងៗរីកចម្រើនជាងយើងទាំងផ្នែកសង្គម និងផ្នែកវិទ្យាសាស្ត្រ»។
តែយ៉ាងណាលោកសង្ឈឹមថាអ្នកចូលរួមនៅពិព័រណ៍សៀវភៅឆ្នាំនេះនឹងមានការកើនឡើងជាងឆ្នាំ២០១៩ ដែលឆ្នាំនោះមានអ្នកចូលរួមដល់ទៅ ១៨ម៉ឺននាក់។
លោកបន្តថា ជាទូទៅសៀវភៅដែលលក់ដាច់ក្នុងពិព័រណ៍សៀវភៅជារៀងរាល់ឆ្នាំ គឺភាគច្រើនជាប្រភេទសៀវភៅបែបរបៀបអភិវឌ្ឍខ្លួន ដូចជា របៀបក្លាយជាអ្នកដឹកនាំ របៀបក្លាយជាអ្នកមាន សៀវភៅប្រវត្តិសាស្ត្រ វប្បធម៌ខ្មែរ សៀវភៅបែបចែករំលែកបទពិសោធន៍ ប្រវត្តិអ្នកជោគជ័យ និងសៀវភៅប្រលោមលោកជាដើម៕