
ជនមានពិការភាពជាង៦ម៉ឺនគ្រួសារបានទទួលផលពីកម្មវិធីសាច់ប្រាក់ជំនួយសង្គមអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានឱ្យដឹងថាក្នុងពេលដែលរដ្ឋាភិបាលកំពុងប្រយុទ្ធប្រឆាំងជំងឹកូវីដ-១៩ រដ្ឋបានទម្លាក់សាច់ប្រាក់ជំនួយសង្គមជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះជាង ៧០ម៉ឺនគ្រួសារ ដោយក្នុងនោះមានជាង៦ម៉ឺនគ្រួសារជាគ្រួសារជនមានពិការភាព។
ថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិឆ្លុះបញ្ចាំងវធ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ២០១៩-២០២៣ លោក ឯម ច័ន្ទមករា បានលើកឡើងថារាជរដ្ឋាភិបាលបានខិតខំរួមគ្នាដាក់ចេញនូវវិធានការគោលនយោបាយ និងគំនិតផ្ដួចផ្ដើមនានា ដើម្បីដោះស្រាយបញ្ហារស់នៅរបស់ជនមានពិការភាពសំដៅជំរុញការអភិវឌ្ឍន៍វិស័យពិការភាពក្រោមអភិក្រមថា «គ្មាននរណាម្ចាក់ត្រូវបានផាត់ចេញ»។
លោកថា៖ «ជាការពិត យើងទាំងអស់គ្នាត្រូវសហការគ្នាដើម្បីធានា ជនមានពិការភាពត្រូវទទួលបានភាពទាក់ទាញ និងរស់រវើកសម្រាប់ការវិនិយោគទុននិងលើកកម្ពស់សិទ្ធិ»។
លោករដ្ឋលេខាធិការបានឱ្យដឹងតាមរយៈរបាយការណ៍មូលនិធិជាតិជំនួយសង្គមគ្រួសារក្រីក្រនិងងាយរងគ្រោះថា រហូតមកដល់ពេលមានមានគ្រួសារចំនួន ៧០៦ ០៦០គ្រួសារបានទទួលប្រយោជន៍ពីកម្មវិធីនេះ ក្នុងនោះជនមានពិការភាពចំនួន៦៤ ៧០៩គ្រួសារ ដែលទទួលបានចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ (២៨លើក) អស់ថវិការដ្ឋចំនួន ៣ ៣៤៨ ២០៣ ១១១ ០០០រៀល (បីពាន់បីរយសែសិបប្រាំបីលាន ពីររយបីលាន មួយរយដប់មួយពាន់រៀលគត់) ស្មើនឹង ៨៣៧,០៥លានដុល្លាអាមេរិក៕