ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

អបអរខួប៤ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលក្នុងបញ្ចីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

ភ្នំពេញ៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨-២០២២ គឺជាខួប៤ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្តែតចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា ការដាក់បញ្ចូលល្ខោនខោលកម្ពុជាក្នុបញ្ជីបេតិភណ្ឌវប្បធម៌អរូបីនេះ គឺជាមោទកភាពជាតិដ៏ធំ ធេងថ្មីមួយទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រសួងវប្បធម៌បានលើកឡើងថា សមិទ្ធផលដែលទទួលបាននេះ គឺក្រសួងវប្បធម៌បានខិតខំពុះពារសហការជាមួយសិល្បករ អង្កការសមាគម សង្គមស៊ីវិលក្នុងវិស័យសិល្បៈវប្បធម៌ និងការជួយគាំទ្រលើកទឹកចិត្តពីមហាជន ប្រជាជន និងស្រទាប់យុវជនកម្ពុជាទាំងមូល។

ក្រសួងវប្បធម៌បានបញ្ជាក់ថា៖ «បេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់ជាតិយើង បានរួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជាល្បីរន្ទឺនៅលើឆាកអន្តរជាតិ ព្រមទាំងជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិកាបេតិកភណ្ឌ ពិភពលោកថែមទៀតផង»

ក្រសួងបានអំពាវនាវដល់សាធារណជនបន្តចូលរួមថែរក្សាការពារ និងលើក តម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ពិសេសបេតិកភណ្ឌវប្បធម៌អរូបីក្នុងសម័យសាកលភាវូនីយកម្មនាពេលបច្ចុប្បន្ន។

សូមរំលឹកថា ក្រសួងវប្បធម៌បានសិក្សាស្រាវជ្រាវចងក្រងឯកសារតាំងពីឆ្នាំ២០១៥។ នៅឆ្នាំ២០១៦ ក្រសួងបានរៀបចំបញ្ចូលល្ខោនខោលទៅក្នុងបញ្ជីត្រៀម (Tentative list) ក្នុងក្របខណ្ឌជាតិក្នុងបញ្ជីបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ដល់ឆ្នាំ២០១៧ ក្រសួងក៏បានដាក់ឯកសារស្នើសុំចុះល្ខោនខោលវត្តស្វាយអណ្តែតក្នុងបញ្ជីបេតិកភណ្ឌការពារបន្ទាន់ទៅអង្គការយូណេស្កូ។ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ អង្គការយូណេស្កូបានសម្រេចបញ្ចូលល្ខោនខោលក្នុងសម្បត្តិបេតិកភណ្ឌអរូបីពិភពលោកដែលត្រូវការការពារបន្ទាន់ (The List of Intangible Culture Heritage in Need of Urgent Safeguarding)។

ល្ខោនខោល ឬហៅថា ភាណី ឬល្ខោនពាក់មុខ ជាប្រភេទសិល្បៈទស្សនីយភាពរបស់ខ្មែរមួយដែលមានអាយុកាលតាំងពីសតវត្សរ៍ទី១០។ លក្ខណៈពិសេសរបស់ល្ខោនខោលគឺ សម្ដែងដោយដកស្រង់សាច់រឿងចេញពីរាមកេរ្តិ៍ខ្មែរតែមួយគត់ ពោលមិនយករឿងផ្សេងមកសម្តែងឡើយ។ លក្ខណៈពិសេសមួយទៀតគឺ អ្នកសម្តែងគឺសុទ្ធតែជាតួប្រុស ពោលទោះបីសាច់រឿងមានតួអង្គស្រី ក៏តួអង្គប្រុសត្រូវតែងខ្លួន និងសម្តែងជាតួអង្គស្រីដែរ។ រាល់ការសម្តែងគឺត្រូវពាក់មុខខ្មុក ជារបាំងមុខ ជារូបក្បាលតួអង្គផ្សេងៗ ដូចជា រូបក្បាលមេទ័ពស្វា ពលស្វា មេទ័ពយក្ស សេនាយក្ស តាឥសី ជាដើម។

គូសបញ្ជាក់ថា បច្ចុប្បន្នទម្រង់សិល្បល្ខោនខោលដែលនៅរស់រានមានជីវិតរហូតដល់បច្ចុប្បន្ននេះមានចំនួន៤វង់ធំៗ គឺ ល្ខោនខោលភ្នំពេញ, ល្ខោនខោលខេត្តបាត់ដំបង, ល្ខោនខោលខេត្តកំពង់ធំ និងល្ខោនខោលវត្តស្វាយអណ្តែតខេត្តកណ្តាល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក