ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ចុះពិនិត្យព្យាបាលជំងឺទូទៅជូនដល់ប្រជាជនក្នុងសហគមន៍ក្រីក្រនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ
ភ្នំពេញ៖ អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) លោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី កាលពីចុងសប្តាហ៍បានដឹកនាំក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនដល់ប្រជាជនក្នុងសហគមន៍ក្រីក្រនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅសាលាបឋមសិក្សាសែន សុខដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA និងអជ្ញាធរ យុវជន និងផ្នែកដែលពាក់ព័ន្ធផ្សេងទៀត។
លោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ដោយរម្លឹកពីការយកចិត្តទុកដាក់របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះប្រជាពលរដ្ឋតាមរយៈការបង្ខិតសេវាព្យាបាល ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
លោកស្រីថា៖ «ជាក់ស្ដែងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះព្យាបាលបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តសហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនជាដើម»។
នេះជាលើកទី៣ ហើយដែលក្រុមគ្រូពេទ្យចុះព្យាបាលដល់សហគមន៍ក្រីក្រ ដើម្បីបង្ខិតការផ្តល់សេវាសុខភាពជូនដល់ប្រជាជនដែលនៅក្នុងតំបន់សហគមន៍ក្រីក្រ។
សូមបញ្ជាក់ថា តាមរបាយការណ៍បានឲ្យដឹងថា ក្រុមការងារគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA បានព្យាបាលអ្នកជំងឺចំនួន ១៣៩៥នាក់ ក្នុងនោះករណីបញ្ជូនមកព្យាបាលបន្តមានចំនួន ៥៩ករណី៕