ភ្នំពេញ៖ សមត្ថកិច្ចបានចាប់ខ្លួនមេបាតុកម្មណាហ្គាវើលឈ្មោះ ឈឹម ស៊ីថរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកម៉ោងជាង១០ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីធ្វើដំណើរមកពីប្រទេសអូស្ត្រាលី ចូលមកកម្ពុជាវិញ។ ការចាប់ខ្លួននេះ គឺតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក អឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។
យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរសាលាដំបួងរាជធានីភ្នំពេញ លោក អ៉ឹម វណ្ណៈ បានបញ្ចាឲ្យចាប់ខ្លួនឈ្មោះ ឈឹម ស៊ីថរ ភេទស្រី ថ្ងៃខែឆ្នាំកំណើត ២៥-១២-១៩៨៧ (អាយុ ៣៤ឆ្នាំ) មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ បន្ថែមលើនេះក៏បង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី២ (ម២) ទទួលនិងឃុំខ្លួនឈ្មោះខាងលើផងដែរ។
លោក អ៉ឹម វណ្ណៈ បានបញ្ជាក់ថា៖ «បុគ្គលដែលត្រូវបានឃុំខ្លួននេះត្រូវបាននាំមកបង្ហាញខ្លួនដល់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញក្នុងរយៈពេលយ៉ាងខ្លីបំផុត»។
គួរឲ្យដឹងដែរថាឈ្មោះ ឈឹម ស៊ីថរ គឺជាអតីតបុគ្គលិកណាហ្គាវើល និងជាមេសហជីពមួយផងដែរ ដែលបានដឹកនាំបាតុកម្មខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ខណៈដែលកំពុងតែដឹកនាំបាតុកម្មខុសច្បាប់នៅមុខស្ថាទូតអូស្ត្រាលី នឹងត្រូវចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា។ ទោះជាយ៉ាងណា ឈឹម ស៉ីថរ តែត្រូវបានតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំវិញនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ និងត្រូវដាក់ពិនិត្យតាមផ្លូវតុលាការដោយមិនឲ្យចេញទៅក្រៅប្រទេសនោះទេ៕