រដ្ឋមន្ត្រីការពារជាតិជំរុញកីឡាប្រដាល់បន្តហ្វឹកហាត់ត្រៀមសម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣
សៀមរាប៖ រដ្ឋមន្ត្រីការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ បានជំរុញដល់កីឡាករប្រដាល់ឱ្យខិតខំហ្វឹកហាត់បន្តទៀតក្នុងការលើកកម្ពស់កីឡាគុនខ្មែរ ក៏ដូចជាត្រៀមសម្រាប់ការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ផងដែរ។
សម្ដេចពិជ័យសេនាបានថ្លែងក្នុងពិធីប្រកួតផ្ដាច់ព្រ័ត្របិទការប្រកួតប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ពានរង្វាន់ (សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ) នៅខេត្តសៀមរាប នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ថា វិស័យកីឡា ក៏ដូចវិស័យដទៃទៀត បានរស់រានមានជីវិតឡើងវិញ ក្រោយថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ ដោយវិស័យកីឡាគុនខ្មែរយើងត្រូវបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
សម្ដេចបានបន្ថែមថា ការរីកចម្រើននៃវិស័យកីឡាគុនខ្មែរទៅបាន ក៏ដោយសារសន្តិភាព និងនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាស្ថាបនិកដែលបានធ្វើឲ្យមានជួបជុំគ្នាប្រកបដោយសុខដុមរមនា ក្រោមដំបូលសន្តិភាពតែមួយ។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកទឹកចិត្តក្រើនរំលឹកដល់ក្រុមកីឡាករទាំងអ្នកទទួលជ័យលាភី និងអ្នកមិនទទួលបានជ័យលាភី ក៏ត្រូវបង្កើនការហ្វឹកហាត់របស់ខ្លួនបន្តទៀត ក្នុងការលើកកម្ពស់គុណផលកីឡាគុនខ្មែរយើង ដែលដូនតាខ្មែរបានបន្សល់ទុកមក ហើយវិស័យក្បាច់គុនខ្មែរនេះដែរ ក៏បានកើតឡើងមានរាប់ពាន់ឆ្នាំមកហើយ ។
ជាមួយគ្នានេះ កីឡាករទាំងអ្នកឈ្នះ និងចាញ់ទាំងអស់ ត្រូវធ្វើការហ្វឹកហាត់ឲ្យបានជាប្រចាំ ដើមី្បត្រៀមលក្ខណ:ឆ្ពោះទៅចូលរួមកាន់ការប្រកួតកីឡាស៊ីហ្គេមលើកទី២៣ ឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ក្នុងការដណ្តើមជោគជ័យ និងកិត្តិយសជូនព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃខាងមុខនេះ។
សូមបញ្ជាក់ផងដែរ ជ័យលាភីផ្តាច់ព្រ័ត្រ ការប្រកួតប្រដាល់គុនខ្មែរដណ្តើមពានរង្វាន់សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចំពោះកីឡាករ ទទួលបានជោគជ័យលាភី លេខ១ ទទួលបាន ខ្សែក្រវ៉ាត់១ ថវិកា ៦ ០០០ ០០០៛ (ប្រាំមួយលានរៀល) និងផ្ទះវីឡា ចំនួន ១ខ្នង ដែលមានទំហំដី (ទទឹង ១០ម x បណ្តោយ ២០ម) លេខ២ ទទួលបាន ពាន១ ថវិកា ៥ ០០០ ០០០៛ (ប្រាំលានរៀល) ដីទំហំ (១០ម x ២០ម) លេខ៣ ទទួលបាន ពាន១ ថវិកា ៤ ០០០ ០០០៛ (បួនលានរៀល) ដីទំហំ (៥ម x ២០ម) លេខ៤ ទទួលបាន ពាន១ ថវិកា ៣ ០០០ ០០០៛ (បីលានរៀល) ដីទំហំ (៥មx ២០ម)៕