រដ្ឋសភាកម្ពុជា-ឡាវ បេ្តជ្ញាជំរុញទំនាក់ទំនងគ្នាលើគ្រប់វិស័យឱ្យកាន់តែរឹងមាំ និងសកម្មឡើងបន្ថែមទៀត
ភ្នំពេញ៖ រដ្ឋសភាកម្ពុជា និងរដ្ឋសភាឡាវ បានសន្យារួមគ្នាថានឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា រដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងសកម្មឡើងទៀតនៅលើគ្រប់វិស័យ។
ក្នុងជំនួបទ្វេភាគីនៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ភាគីទាំងពីរបានគាំទ្រចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង» ដោយបានផ្ដល់ផលប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក។
ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) រវាងរដ្ឋសភាប្រទេសទាំងពីរ និងបានអញ្ជើញជាអធិបតីភាពក្នុងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយឡើងនៅគ្រប់កម្រិត ទាំងក្របខណ្ឌទ្វេភាគីនិងពហុភាគី នៅលើវេទិកាអន្តរសភានានា សំដៅបម្រើដល់ផលប្រយោជន៍ប្រទេសទាំងសងខាង ស្របតាមសភាពការណ៍ជាក់ស្តែង។
ក្រៅពីជំរុញកិច្ចទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ ប្រធានរដ្ឋសភាឡាវ លោក សាយ សំភូន ភូមិវិហាន (Saysomphone PHOMVIHANE) ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៅក្នុងការរៀបចំកិច្ចកំពូលអាស៊ាន លើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់រៀបចំ ដែលធ្វើឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែរន្ទឺឡើងនៅលើឆាកអន្តរជាតិ។
លោកប្រធានរដ្ឋសភាឡាវបាននិយាយថា ភាពជោគជ័យរបស់កម្ពុជានាពេលនេះ ជាមេរៀននិងបទពិសោធន៍សំខាន់មួយសម្រាប់ការរៀបចំកិច្ចប្រជុំ កំពូលអាស៊ាន និងមហាសន្និបាតអោយប៉ាលើកទី៤៥ របស់ប្រទេសឡាវ នៅក្នុងឆ្នាំ២០២៤ ខាងមុខ។
លោក សាយ សំភូន ភូមិវិហាន ក៏បានគោរពអញ្ជើញ សម្តេចប្រធានរដ្ឋសភា ចូលរួមកិច្ចប្រជុំ កំពូលរវាងប្រធានរដ្ឋសភាឡាវ តំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) ដែលរដ្ឋសភាឡាវនឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ខាងមុខដែរ។
ប្រធានរដ្ឋសភាកម្ពុជា សម្តេចចក្រី ហេង សំរិន បានចាត់ទុកការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេស ទាំងពីរ កម្ពុជា-ឡាវ ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នឹងរួមចំណែកបន្ថែមទៀត ដល់ការពង្រឹង និងលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានជាង៦០ឆ្នាំមកនេះ កាន់តែរឹងមាំទ្វេដងថែមទៀត៕