ភ្នំពេញ៖ សាលាអន្តរជាតិ Shrewsbury International School Phnom Penh បានបើកទទួលចុះឈ្មោះសម្រាប់សិស្សថ្នាក់មតេ្តយ្យចូលសិក្សាកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
នាយកស្ថាបនិករបស់សាលា លោក Toby Waterson បានលើកឡើងថា ការបើកសាលានៅកម្ពុជានៅពេលនេះគឺដោយសារសក្កានុពលនៃការរីកចម្រើនរបស់ប្រទេស ហើយចំណូលរបស់ប្រជាជនកាន់តែកើនឡើង។ លោកបន្ថែមថា បច្ចុប្បន្នសាលាបើកសម្រាប់សិស្សដែលមានអាយុពី២ ទៅ៥ឆ្នាំ ហើយនឹងបើកដំណើរការសម្រាប់ថ្នាក់បឋមទៅដល់វិទ្យាល័យនៅឆ្នាំ២០២៤ ខាងមុខ។
លោកបានមានប្រសាសន៍ថា៖ «យើងបានបើកនៅពេលនេះសម្រាប់កុមារអាយុពី ២ ទៅ៥ឆ្នាំដំបូង ដែលបានបើករួចហើយនៅមជ្ឈមណ្ឌលអគារ Flatiron។ នៅខែកញ្ញា ឆ្នាំ២០២៤ យើងនឹងបើកសាខាសំខាន់របស់យើងទៅកាន់ពេលវេលាដ៏គួរឱ្យរំភើប ដែលនឹងមានផ្នែកបឋម និងអនុវិទ្យាល័យ និងវិទ្យាល័យ»។
សិស្សណាក៏ដោយអាចដាក់ពាក្យសុំចូលរៀននៅ Shrewsbury ទោះជាយ៉ាងណាក៏ដោយ សិស្សទាំងអស់នឹងត្រូវតម្រូវឱ្យធ្វើតេស្តចូល និងបានសិក្សាប្រវត្តិរបស់សាលាផងដែរ។
អ្នកស្រី ខាន់ ដែលជាម្តាយចូលរួមក្នុងព្រឹត្តិការណ៍ថ្ងៃចូលរៀនជាមួយកូនប្រុសអាយុ ២ឆ្នាំដែលកំពុងចុះឈ្មោះចូលរៀនក្នុងកម្មវិធីដើមឆ្នាំរបស់សាលាបាននិយាយថា គាត់ពិតជារីករាយនឹងភាពប្រសើរឡើងដែលគាត់បានឃើញនៅក្នុងកម្រិតភាសាអង់គ្លេសរបស់កូនប្រុសគាត់ នៅពេលដែលគាត់បានចាប់ផ្តើមចូលរៀននៅ Shrewsbury។
Shrewsbury International School Phnom Penh គឺជាសាខារបស់សាលា Shrewsbury នៅចក្រភពអង់គ្លេសដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៥៥២ ដោយស្ដេចអង់គ្លេស Edwrd ទី៦។ នៅអាស៊ីមានតែ៣សាខាគឺនៅទីក្រុងហុងកុង ប្រទេសចិន រាជធានីបាងកក ប្រទេសថៃ និងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
សាលាក៏ជាសាលាដែលបិតាទ្រីស្ដីនៃការវិវត្តន៍លោក Charles Darwin ធ្លាប់សិក្សាផងដែរ។
ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅកម្ពុជា លោក Dominic Williams ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះបានលើកឡើងថា ការអប់រំគឺជាផ្នែកស្នូលមួយនៃទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងកម្ពុជា។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមើលឃើញថាការអប់រំគឺជាផ្នែកស្នូលនៃទំនាក់ទំនងអង់គ្លេស-កម្ពុជា ព្រោះវាល្អសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ វាល្អសម្រាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងប្រទេស ហើយវាជាទំនាក់ទំនងពាណិជ្ជកម្មដ៏ល្អ។ Shrewsbury គឺជាផ្នែកមួយដ៏សំខាន់នៃគ្រួសារចក្រភពអង់គ្លេស និងការអប់រំនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការផ្តល់ជូនដ៏ល្អសម្រាប់ប្រជាជនកម្ពុជាដែលចង់សិក្សានៅស្ថាប័នអង់គ្លេស និងអនុវត្តតាមកម្មវិធីសិក្សារបស់ចក្រភពអង់គ្លេស»៕