ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋាភិបាលបន្តលើកលែងពន្ធប្រាក់ចំណូល ៥ឆ្នាំទៀតដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានថ្លែងនៅក្នុង «សន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣» នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកាថា រដ្ឋាភិបាលបន្តលើកលែងពន្ធប្រាក់ចំណូលចំនួន ៥ឆ្នាំបន្ថែមទៀតដល់ក្រុមហ៊ុននាំចេញអង្ករ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន EAC ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងជួយវិស័យស្រូវ-អង្ករ តាមរយៈការលើកទឹកចិត្តផ្នែកពន្ធដារនៅតែបន្ត។ ក៏ប៉ុន្តែចំពោះក្រុមហ៊ុនដែលផុតសុពលភាពនៃការលើកលែងពន្ធត្រូវដាក់ពាក្យស្នើសុំឡើងវិញ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានអះអាងថា ក្រសួងពាណិជ្ជកម្មនឹងខិតខំជួយដល់វិស័យស្រូវអង្ករមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើង ខណៈវិស័យស្រូវអង្ករនេះគឺជាវិស័យដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាល បាននិងកំពុងជំរុញឱ្យមានការវិនិយោគបន្ថែម និងការពង្រីកទីផ្សារទៅកាន់ទីផ្សារអន្តរជាតិ។

លោកបានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម មិនត្រឹមតែគិតគូរលើការនាំចេញស្រូវអង្ករតែមួយជ្រុងតែប៉ុណ្ណោះទេ តែក្រសួងបានខិតខំជួយដល់កសិករខ្នាតតូចឱ្យរៀបចំខ្លួនឱ្យបានកាន់តែប្រសើរឡើង ជាពិសេស ការជួយជំរុញឱ្យមានកិច្ចសន្យាកសិកម្ម រវាងកសិករខ្នាតតូច ជាមួយរោងម៉ាស៊ីនកិនស្រូវ ដែលការងារធ្វើឡើងតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុ ដោយរាជរដ្ឋាភិបាល និង IFAD។

សូមរំលឹកថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១១ បានប្រកាសលើកលែងពន្ធអប្បរមា ចំនួន ១ភាគរយលើផលរបរប្រចាំឆ្នាំ។ លើកលែងពន្ធលើប្រាក់ចំណេញជាអតិបរមា ដែលក្នុងនោះមានរយៈពេលគន្លឹះបូករយៈពេល ៣ឆ្នាំ បូកនឹងរយៈពេលអាទិភាពចំនួន ៣ឆ្នាំ។

ចាប់ពីឆ្នាំ២០១៥ ក្រោយការដាក់ចេញនូវគោលនយោបាយស្រូវអង្ករដំណាក់កាលទីមួយ (២០១០-២០១៥) វិនិយោគគិនដែលជាក្រុមហ៊ុននាំចេញ និងរោងម៉ាស៊ីនកិនស្រូវរបស់កម្ពុជា បានទទួលនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងនោះ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនអ្នកនាំចេញត្រូវបានលើកលែងពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ។ ពន្ធអាករបន្ថែមលើអនុផលពីអង្ករ ដែលបានលក់ក្នុងស្រុកត្រូវបានលើកលែង។

ពន្ធ និងអាករផ្សេងៗដែលទាក់ទងទៅនឹងពន្ធកាត់ទុកក៏ត្រូវបានព្យួរ និងលើកលែង។ ការលើកលែងកម្រៃសេវាទាំងឡាយ លើការនាំចេញពីក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ ការលើកលែង ការបង់សេវា លើការវាយតម្លៃផលប៉ះពាល់បរិស្ថាន របស់ក្រសួងបរិស្ថាន។

ជាពិសេសទទួលបាននូវការអនុគ្រោះថ្លៃពិសេស សម្រាប់ការនាំចេញអង្ករលើសេវាប្រើប្រាស់នៅកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែក្រុងភ្នំពេញ និងការទទួលបានអត្រាពិសេស លើកម្ចីសម្រាប់ទិញស្រូវ ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជំរុញឱ្យធនាគារឯកជនផ្សេងទៀត ទម្លាក់ការប្រាក់ពីជាង ១២ភាគរយ មកដល់ក្រោម ៨ភាគរយ ក្នុងមួយឆ្នាំ។

គូសបញ្ជាក់ថា រយៈពេល ១០ខែឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារក្រៅប្រទេសជិត ៥១ម៉ឺនតោន គឺកើនឡើងចំនួន ១០,៦៧ភាគរយ បើធៀបនឹងរយៈពេល ១០ខែ ឆ្នាំ២០២១ ដែលមានចំនួនជាង ៤៦ម៉ឺនតោន។ ជាមួយគ្នានេះកម្ពុជាក៏បាននាំចេញស្រូវចំនួនជាង ២លានតោនទៅប្រទេសវៀតណាម គឺថយចុះ -៨,២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២១៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក