ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិកកំពុងឈានដល់ការរីកចម្រើនមួយដែលគួរឱ្យកត់សម្គាល់ ដែលសម្ដេចថា «ល្អជាងពេលណាៗទាំងអស់»។
ថ្លែងក្នុងជំនួបជាមួយប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិក លោក Gregory Meeks នៅវិមានសន្ដិភាពកាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយសង្កេតឃើញថា បច្ចុប្បន្នក្រៅពីប្រទេសទាំងពីមានទំហំពាណិជ្ជកម្មកើនឡើងជាមួយគ្នាដែលសម្រេចដល់ ១៨ភាគរយ ក្រុមហ៊ុនអាមេរិកធំៗជាច្រើនក៏បានមកធ្វើការវិនិយោគក្នុងប្រទេសកម្ពុជាផងដែរដូចជាក្រុមហ៊ុនផលិតរថយន្ត Ford និងក្រុមហ៊ុនផលិតកម្មចម្រុះ General Electric ជាដើម។
សូមជម្រាបថា លោក Gregory Meeks ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិកមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) ដែលរៀបចំដោយរដ្ឋសភាកម្ពុជា។
លោកក៏បានជម្រាបសម្តេចបន្ថែមថា ដំណើររបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា គឺដើម្បីចូលរួមកិច្ចប្រជុំអាយប៉ា ហើយក៏ដើម្បីពង្រីកទំនាក់ទំនងជាមួយកម្ពុជាបន្ថែមទៀត តាមរយៈការអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកកន្លងទៅ តាមរយៈការអញ្ជើញរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ និងតាមរយៈការជួយចូលរួមប្រជុំអាយប៉ា ។
លោកក៏បានជម្រាបសម្តេចតេជោថា អនុប្រធានាធិបតីអាមេរិក ក៏បានបង្ហាញការរីករាយយ៉ាងខ្លាំងផងដែរ ពេលដែលរូបលោកបានចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាពេលនេះ ដែលបង្ហាញពីជាការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះកម្ពុជា និងអាស៊ាន ដើម្បីជួយពង្រឹងគ្នាទៅវិញទៅមកនិង ផ្នែកនីតិប្បញ្ញត្តិ និងប្រតិបត្តិ ។
គួរឱ្យដឹងផងដែរថាក្នុងពេលដែលកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានធ្វើដំណើរមកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំ និងមានជំនួបផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ផងដែរ។ ក្នុងដំណើរមកកាន់កម្ពុជាកលោក ចូ បៃដិន បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈការថតរូប Selfie ជាមួយប្រជាជនខ្មែរ ក្រៅពីនោះលោកក៏បានបង្ហាញកាយវិការជិតស្និទជាមួយសម្ដេចតេជោ ហ៊ុន សែន ផងដែរ។
គួរឱ្យដឹងថា ដើម្បីបង្កើនទំនាក់ទំនងជិតស្និតជាមួយសហរដ្ឋអាមេរិក រាជរដ្ឋាភិបាលកម្ពុជា បានជួលក្រុមហ៊ុនបញ្ចុះបញ្ចូល Akin Gump Strauss Hauer & Feld LLP ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិកក្នុងតម្លៃប្រមាណ ៧២ម៉ឺនដុល្លារសម្រាប់រយៈពេល១ឆ្នាំ ដែលឯកសារនៃជួលនេះត្រូវបានបង្ហាញកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ កន្លងទៅ។
ក្នុងឱកាសទទួលជួបជាមួយតំណាងក្រុមហ៊ុន Akin Gump លោក Scott David Parven នៅពេលដែលសម្ដេចតេជោ ហ៊ុន សែន ធ្វើទស្សកិច្ចទៅកាន់សហរដ្ឋអាមេរិកកាលពីខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោបានលើកឡើងថា ទំនាក់ទំនងកម្ពុជានិងអាមេរិកមានការរីកចំរើនទាំងការទូត និងសេដ្ឋកិច្ច ទោះជាយ៉ាងណាបញ្ហានៃការយល់ច្រលំមួយចំនួនបានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងនេះ។ សម្ដេចជំរុញដល់លោក Scott ធ្វើយ៉ាងណាពន្យល់ដល់សហរដ្ឋអាមេរិកឱ្យបានយល់ពីកម្ពុជាបន្ថែមទៀត៕