មណ្ឌលគិរី៖ អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងជាប្រធានមូលនិធិអណ្តូងទឹកស្អាត លោកស្រី ពេជ ចន្ទមុន្នី អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក រួមទាំងក្រុមការងារបានអញ្ជើញប្រគល់អណ្ដូងទឹកស្អាតចំនួន ១០អណ្តូង ជូនពលរដ្ឋរស់នៅឃុំចំនួន៣ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ឃុំចំនួន៣ ដែលទទួលបានអណ្តូងទឹកស្អាតនោះគឺមាន ឃុំរយ៉ ឃុំស្រែសង្គម និងឃុំអបួន ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ប្រធានមូលនីធិអណ្តូងទឹកស្អាត លោកស្រី ពេជ ចន្ទមុន្នី បានបញ្ជាក់ថាអណ្តូងទឹកស្អាតចំនួន១០នេះជាអំណោយរបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន មានចំនួន៣។ អំណោយរបស់អ្នកឧកញ៉ាព្រឹទ្ឋមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ឪពុកម្តាយបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៧អណ្តូង។
បើតាមលោកស្រីអនុប្រធានក្រុមគ្រូពេទ្យ TYDA ការប្រគល់អណ្តូងទឹកស្អាតទាំងនេះ គឺដើម្បីឱ្យពលរដ្ឋរស់នៅ ក្នុងស្រុកកោះញែកនេះ បានប្រើប្រាស់តាមតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ ខណៈរដូវប្រាំងរាំងស្ងួតក៏ខិតជិតចូលមកដល់ផងដែរ។
នៅតាមទីតាំងប្រគល់អណ្ដូងទឹកនីមួយៗលោកស្រី ពេជ ចន្ទមុន្នី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះ ប្រជាពលរដ្ឋទាំងអស់ថា សម្តេចទាំងទ្វេលោកតែងតែគិតគូរ ពីទុក្ខលំបាករបស់ប្រជាពលដ្ឋទូទៅ នៅគ្រប់ទីកន្លែង។ លោកស្រីប្រាប់ថា៖ «ពិសេសការផ្តល់អណ្តូងទឹកស្អាតនាពេលនេះ គឺជាការរួមចំណែកលើកកម្ពស់ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅតាមទីជនបទអោយមានជីវភាពល្អប្រសើរ និងមានសុខភាពល្អ»។
លោកស្រីប្រធានមូលនិធិបានណែនាំដល់ពលរដ្ឋថា ដើម្បីអាចប្រើប្រាស់អណ្តូងនេះបានយូរអង្វែង ពលរដ្ឋដែលអាស្រ័យផលអណ្តូងទឹកទាំងអស់ ត្រូវរួមគ្នាថែរក្សាអណ្តូងនេះទាំងអស់គ្នា ដើម្បីជាប្រយោជន៍រួមនៅក្នុងសហគមន៍។
ជាមួយគ្នានេះ លោកស្រី ពេជ ចន្ទមុន្នី ក៏បានប្រគល់អណ្តូងទឹកចំនួន៣ បន្ថែមទៀតទៅឱ្យពលរដ្ឋក្នុងឃុំស្រែសង្គម និងចំនួន ១០ទៀតសម្រាប់ឃុំសុខសាន្ត តាមការស្នើសុំពីប្រជាពលរដ្ឋក្នុងស្រុកកោះញែក។
លោកស្រីបាននិយាយថា៖ «យើងមាន ឱកាសបានកសាងនូវសមិទ្ឋផលទាំងនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ការរីកចម្រើន និងអភិវឌ្ឍ ដូច្នេះសូមលោកយាយ លោកតា ពលរដ្ឋទាំងអស់ រួមគ្នាបន្តថែរក្សាសុខសន្តិភាពអោយបានគង់ទៅមុខទៀត»។
ប្រជាពលរដ្ឋដែលទទួលផលពីអណ្តូងទឹកស្អាតទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ម្ចាស់អំណោយទាំងពីរខាងលើ ជាពិសេសសម្តេច តេជោ ហ៊ុន សែន និងកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែចង្អុលបង្ហាញ គិតគូរដល់ជីវភាព ប្រជាពលរដ្ឋគ្រប់ទិសទី ដែលត្រូវការចាំបាច់នូវទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។
សូមជម្រាបថា ក្នុងឱកាសនោះដែរ ក្រៅពីប្រគល់អណ្តូងទឹក លោកស្រីប្រធានមូលនិធិ ក៏បានចែកជូននូវអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋ ដែលបានចូលរួមអបអរសាទរនៅក្នុងពិធីប្រគល់អណ្ដូងទឹកគ្រប់ទីតាំងទាំង១០នេះផងដែរ។
លើសពីនោះទៀត លោកស្រីប្រធាន ក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ពិនិត្យសុខភាព និងផ្តល់ថ្នាំព្យាបាលដោយផ្ទាល់ ជូនប្រជាពលរដ្ឋឥតគិតថ្លៃផងដែរ ប្រសិនបើមានប្រជាពលរដ្ឋណាមានបញ្ហាសុខភាព៕