លោក អូន ព័ន្ធមុន្នីរ័ត្ន ស្នើក្រសួង៣ សហការគ្នាជំរុញការអភិវឌ្ឍ និងការវិនិយោគនៅសហគមន៍តាមមូលដ្ឋាន
ភ្នំពេញ៖ ថ្លែងក្នុងវេទិកាអេកូទេសចរណ៍លើកទី៣ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន បានផ្តល់អនុសាសន៍ជាច្រើនដើម្បីបន្តពង្រឹង និងពង្រីកសក្តានុពលនៃការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ប្រកបដោយចីរភាព និងបរិយាប័ន្ន។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានស្នើឱ្យក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងគណៈអភិបាលរាជធានី-ខេត្តទាំងអស់បន្តជំរុញការអភិវឌ្ឍសហគមន៍នៅតាមមូលដ្ឋាន ដោយឈរលើស្មារតីនៃកិច្ចសហប្រតិបត្តិការខ្ពស់ ប្រកបដោយភាពជាក់ស្តែងនិយម សំដៅជួយអភិវឌ្ឍសហគមន៍ ទៅតាមជំនាញរៀងៗខ្លួន ពិសេសសម្រួលដល់ការវិនិយោគនៅតាមសហគមន៍ទេសចរណ៍នានា។
លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបានស្នើឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.) សហការជាមួយដៃគូពាក់ព័ន្ធជំរុញការផ្សព្វផ្សាយតាមរយៈបច្ចេកវិទ្យាឌីជីថល ដូចជាការបង្កើតកម្មវិធីទូរស័ព្ទ និងថ្នាលបច្ចេកវិទ្យាឌិជីថលជាដើម សំដៅលើកកម្ពស់ការអនុវត្តយុទ្ធនាការ ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី និងទេសចរណ៍ផ្សារភ្ជាប់ទឹកដី ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
លោក អូន ព័ន្ធមុន្នីរ័ត្ន បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោងពាក់ព័ន្ធនឹងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។
លោកក៏បានគាំទ្រឱ្យមានការរៀបចំពិធីបុណ្យអេកូទេសចរណ៍ប្រចាំឆ្នាំនៅតាមតំបន់អេកូទេសចរណ៍អាទិភាព។ ក្នុងន័យនេះលោកបានប្រាប់ថា គ.ជ.អ.អ. សូមរៀបចំសំណើគោរពជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់។
លោក អូន ព័ន្ធមុន្នីរ័ត្ន បានគូសបញ្ជាក់ថា ទោះបីស្ថានភាពសេដ្ឋកិច្ចសកលមានភាពផុយស្រួយ ប៉ុន្តែការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នឹងជំរុញឱ្យពលរដ្ឋមានឱកាសស្វែងរកប្រាក់ចំណូលតាមរយៈវិស័យទេសចរណ៍នៅតាមសហគមន៍របស់ខ្លួន។
តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ រយៈពេល១០ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិប្រមាណ ១,៥លាននាក់ ហើយរំពឹងថានៅ២០២២ នឹងទទួលបានប្រមាណ ២លាននាក់។ កម្ពុជាក៏នឹងរំពឹងទុកថានៅឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១១លាននាក់ ហើយនៅឆ្នាំ២០២៦ រំពឹងទុកថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៧លាននាក់។
គូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.) នៅឆ្នាំ២០២១ ដើម្បីដឹកនាំ និងជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅទូទាំងប្រទេសកម្ពុជា ដោយតែងតាំងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាន លោក សាយ សំអុល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាអនុប្រធានអចិន្ត្រៃយ៍ និងលោក ឌិត ទីណា ជាអនុប្រធាន និងសមាជិកចំនួន ២០រូបទៀត៕