
សម្តេចតេជោ៖ ដើម្បីឱ្យតំបន់មានសន្តិភាព និងស្ថិរភាព យើងត្រូវលើកកម្ពស់ការយោគយល់ និងគោរពគ្នាទៅវិញទៅមក
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ខែវិច្ឆិកានេះ គឺជាវេលាដ៏មមាញឹកមួយសម្រាប់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំសំខាន់ៗទាំងឡាយ រួមមាន កិច្ចប្រជុំ កំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សន្និបាតអន្តរសភាអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នៅខេត្តសៀមរាប សម្តេចតេជោបានលើកឡើងថា ការណ៍នេះក៏ជាឱកាសដ៏ពិសេសមួយសម្រាប់ចែករំលែកនូវទស្សនៈ និងយោបល់ដើម្បីលើកកម្ពស់ការកសាង សហគមន៍អាស៊ាន និង ពង្រឹងសន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោកទាំងមូល។
សម្តេចតេជោ បានលើកឡើងថា កិច្ចប្រជុំជាច្រើនត្រូវបានធ្វើឡើង ស្របពេលដែលកំពុងមានការកើនឡើងនៃភាពមិនប្រាកដប្រជា ការផ្លាស់ប្តូរឆាប់រហ័ស ភាពស្មុគស្មាញ និងភាពមិនប្រក្រតីនៃសន្តិសុខ សកល និងបរិស្ថានសេដ្ឋកិច្ច។ ការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ និង ភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយ ការបន្តដោះស្រាយជំងឺរាតត្បាតកូវីដ-១៩ វិបត្តិស្បៀងអាហារ និងថាមពល ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និង សង្គ្រាមបានបង្កើតឱ្យមាននូវ «ស្ថានភាពដ៏អាក្រក់» មួយ។
នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នៅក្នុងបរិបទនេះ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានតួនាទីកាន់តែសំខាន់ឡើង ក្នុងការលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរទស្សនៈដោយបើកចំហ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការប្រកបដោយការអនុវត្ត និងការកសាងសមត្ថភាព។ ការលើកកម្ពស់នៃការគោរពគ្នាទៅវិញទៅមក ការយល់ពីគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នាទៅវិញទៅមក និង ផលប្រយោជន៍រួមដើម្បីសន្តិភាព និងវិបុលភាព (M4P2) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់។
ជាក់ស្តែង មូលបទកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកឆ្នាំនេះ គឺផ្តោតសំខាន់ទៅលើ «សន្តិសុខប្រកបដោយភាពសុខដុម»។ សម្តេចតេជោបានថ្លែងដូច្នេះថា៖ «យើងត្រូវទទួលស្គាល់ និងរំលេចអំពីសារៈសំខាន់នៃការអាស្រ័យគ្នាទៅវិញទៅមក សម្រាប់សន្តិភាព និងស្ថិរភាព។ ជាការកត់សម្គាល់ ភាពផ្សារភ្ជាប់គ្នា ការអាស្រ័យគ្នាទៅវិញទៅមក និងសន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ បានក្លាយជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក»។
សម្តេចបន្តថា អាស៊ានក៏បានក្លាយជាស្នូលនៃដំណើរការជំរុញឱ្យមានការធ្វើសមាហរណកម្មតំបន់ ការអាស្រ័យគ្នាទៅវិញទៅមក និងការផ្សារភ្ជាប់គ្នា។
សម្តេចតេជោបានផ្តល់ទស្សនៈចំនួន ៥ចំណុចដើម្បីឱ្យសម្រេចបាននូវ «សន្តិសុខប្រកបដោយភាពសុខដុម» នៅក្នុងតំបន់ ទី១. លើកកម្ពស់មជ្ឈភាពអាស៊ាន ដែលជាទូទៅសំដៅទៅលើតួនាទីប្រមូលផ្តុំរបស់អាស៊ាន ក្នុងការដាក់ចេញនូវរបៀបវារៈ និង សមត្ថភាពក្នុងការកំណត់ និងកែប្រែលទ្ធផល។
ទី២. លើកកម្ពស់និម្មាបនកម្មសន្តិសុខតំបន់ ដោយផ្អែកលើច្បាប់ ប្រកបដោយបរិយាបន្ន និងបើកចំហ។ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក គឺជាយានដ៏សំខាន់មួយដើម្បីសម្រេចបាននូវនិម្មាបនកម្មសន្តិសុខតំបន់។ យើងស្វាគមន៍ចំពោះគំនិតផ្ដួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងអស់ ដរាបណាគំនិតផ្តួចផ្តើមទាំងនេះជំរុញឱ្យមានសន្តិភាព និងការអភិវឌ្ឍ មិនត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងប្រទេសណាមួយ និងស្របតាមមជ្ឈភាពអាស៊ាន និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។
ទី៣. ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ ដែលផ្អែកលើការជឿទុកចិត្ត និងប្រជាជនជាស្នូល។ យើងបានកំណត់យកសន្តិសុខ និងសុខុមាលភាពរបស់ប្រជាជន ជាមូលដ្ឋាន នៅក្នុងគោលនយោបាយសន្តិសុខ និង កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់យើង។ រីឯការទុកចិត្តគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ទី៤. លើកកម្ពស់សន្តិសុខគ្រប់ជ្រុងជ្រោយ។ ជំងឺរាតត្បាតកូវីដ-១៩ គឺជាសញ្ញាដាស់តឿន ឱ្យយើងយកចិត្តទុកដាក់កាន់តែខ្លាំងដល់សន្តិសុខផ្នែកសុខភាព។ សន្តិសុខអាកាសធាតុ គឺជា បញ្ហាសំខាន់មួយទៀត ដែលយើងចាំបាច់ត្រូវប្រមូលផ្ដុំកិច្ចខិតខំប្រឹងប្រែង និងធនធានបន្ថែមទៀត។ កិច្ចសហប្រតិបត្តិការរវាងស៊ីវិល និងយោធាលើសន្តិសុខគ្រប់ជ្រុងជ្រោយ គឺកាន់តែមានសារៈសំខាន់។
ទី៥. លើកកម្ពស់សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ។ ដោយសារមានការកើនឡើងនៃភាពស្មុគស្មាញ និងលក្ខណៈច្រើនទម្រង់ របស់សន្តិសុខ និងការគំរាមកំហែងឆ្លងដែន យើងត្រូវតែសហការឱ្យបានជិតស្និទ្ធបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម និងឧបសគ្គទាំងនេះ។
សម្តេចតេជោបានសង្កត់ធ្ងន់ថា ទំនាក់ទំនង និងកិច្ចពិភាក្សាគ្នា ដោយបើកចំហ ស្មោះត្រង់ និងប្រកបដោយបរិយាបន្ន គឺជាមាគ៌ាឆ្ពោះទៅរកការបំបាត់ភាពតានតឹង ការបង្ការជម្លោះនាពេលអនាគត និងការកសាង «សន្តិសុខប្រកបដោយភាពសុខដុម» ដោយផ្អែកលើ ការគោរពគ្នា ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងការគោរពប្រយោជន៍គ្នាទៅវិញទៅមក។ សម្តេចលើកឡើងថា៖ «យើងត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនៃសន្តិសុខជាប្រពៃណី និងមិនមែនជាប្រពៃណីរបស់យើង»៕
PHOTO: ហ៊ុន យុទ្ធគុណ