សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាកាលពី១០ឆ្នាំមុន ពោលគឺក្នុងឆ្នាំ២០១២ សម្ដេចតេជោ បានស្នើឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍គិតគូរពីការដាក់ចេញនូវ «តំបន់ដែលគ្មានសង្គ្រាមស៊ីវិល» ឬ «តំបន់ដែលគ្មានជម្លោះ» ទោះជាយ៉ាងណាពេលនោះពុំមានសមាជិកអាស៊ានណាមួយបានគិតគួរពីបញ្ហានេះនោះទេ។
ថ្លែងក្នុងការបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ នៅសណ្ឋាគារសុខាអូតែល ខេត្តសៀមរាប ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការមិនបានយកចិត្តទុកដាក់លើបញ្ហានេះនៅពេលនោះ អាចជាមូលហេតុដែលយើងបានឃើញកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្ន។
សម្ដេចតេជោថា៖ «បច្ចុប្បន្ននេះ មីយ៉ាន់ម៉ាកំពុងរំកិតទៅរកសង្គ្រាមស៊ីវិល។ នៅផ្នែកខ្លះនៃមីយ៉ាន់ម៉ា សង្គ្រាមស៊ីវិលបានកើតឡើងរួចទៅហើយ»។
សម្ដេចតេជោ បានបន្ថែមរម្លឹកដោយបានលើកពីអតីតកាលរបស់កម្ពុជាដែលបានរងគ្រោះពីសង្គ្រាមជាងបីទស្សវត្សរ៍ ដែលមានបទពិសោធន៍មួយចំនួន ដើម្បីចែករំលែកជាមួយប្រទេសដទៃទៀត ក្នុងការធ្វើឱ្យមានសន្ដិភាព កសាងសន្ដិភាព រក្សាសន្ដិភាព និងកសាងប្រទេសជាតិនៅក្រោយសង្គ្រាម។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីបទពិសោធន៍ចំនួន៣ ដើម្បីសម្រេចបានការនាំសន្ដិភាពមកកម្ពុជាវិញ។ ចំនួនទាំង៣នោះរួមមាន ការបើកចំហរសម្រាប់ការចរចារ ការធានាសុវត្ថិភាពដល់គ្រប់ភាគី និងប្រទេសត្រូវមានភាពម្ចាស់ការ។
សម្ដេចបន្ថែមថា៖ «ភាពជាម្ចាស់នៃប្រទេសជាតិ គឺពិតជាសំខាន់ណាស់ចំពោះការចរចារសន្ដិភាព»។
វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាដែលជាសមាជិកមួយរបស់អាស៊ាន បានកើតឡើងចេញពីរដ្ឋប្រហារយោធាដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបានចាប់ខ្លួនទីប្រឹក្សារដ្ឋ លោកស្រី អ៊ុងសាន ស៊ូជី លោកប្រធានាធិបតី វីន ម្យីន និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ហើយបានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងបានប្រគល់ការងារដឹកនាំប្រទេសឱ្យអគ្គមេបញ្ជាការកងទ័ពជាតិ គឺលោក មីន អោងលាំង។
រដ្ឋប្រហារនេះបានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាបង្ហាញការមិនពេញចិត្ត និងនាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ ខណៈក្រុមប្រដាប់អាវុធប្រឆាំងនឹងរបបយោធាកាន់តែមានច្រើនផងដែរ។
បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ាបានក្លាយជាប្រទេស១ ដែលមានរដ្ឋាភិបាល២ និងមានក្រុមប្រដាប់អាវុធជនជាតិប្រហែល ២០ក្រុមដែលបានបង្កជាសង្គ្រាមដ៏យូរបំផុតជាងគេមួយនៅក្នុងពិភពលោក៕
PHOTO: ហ៊ុន យុទ្ធគុណ