ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សត្វកែះមួយក្បាលជាប់អន្ទាក់របស់ព្រានព្រៃ ត្រូវបានមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំសំកុសជួយសង្រ្គោះទាន់ពេល

បាត់ដំបង៖ សត្វកែះមួយក្បាលដែលស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសខេត្តបាត់ដំបងបានជាប់អន្ទាក់របស់ព្រានព្រៃ ត្រូវបានមន្ត្រីឧទ្យានុរក្សជួយសង្គ្រោះបានទាន់ពេលវេលាកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា សត្វកែះមួយក្បាលនោះបានជាប់អន្ទាក់របស់ក្រុមព្រានព្រៃ ហើយវាបានរត់គេចពីព្រានព្រៃរហូតដល់ធ្លាក់ជ្រោះបណ្តាលឱ្យធ្លោះចង្កេះ របួសជើង និងសន្លប់។ ដោយឃើញបែបនេះ ក្រុមព្រានព្រៃក៏បានរត់គេចខ្លួនបាត់ស្រមោល។

រដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ ក្រុមអ្នកជំនាញពេទ្យសត្វនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance បានមកជួយសង្គ្រោះ និងពិនិត្យមើលស្ថានភាពរបស់សត្វកែះមួយក្បាលដែលរងរបួសនេះ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់ EAC News ឱ្យដឹងថា មន្ត្រីឧទ្យានុរក្សមិនទាន់អាចកំណត់អត្តសញ្ញាណរបស់ព្រានព្រៃដែលបានដាក់អន្ទាក់សត្វព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសនោះនៅឡើយទេ។

លោក នេត្រ ភក្ត្រា បានលើកឡើងថា សត្វកែះជាប្រភេទសត្វកម្រនៅលើពិភពលោក និងត្រូវបានកត់សម្គាល់ថាមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ លោកបន្តថា ក្រុមអ្នកស្រាវជ្រាវមិនទាន់មានទិន្នន័យពិតប្រាកដពីចំនួនសត្វកែះដែលរស់នៅកម្ពុជាទេ ក៏ប៉ុន្តែសត្វកែះនេះមានដង់ស៊ីតេរស់នៅកម្រិតទាបបំផុតដោយសារតែជាសត្វកម្រ។

បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បច្ចុប្បន្នសត្វកែះកំពុងប្រឈមមុខនឹងការបាត់បង់ពូជដោយសារតែការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។

លោកនិយាយថា៖ «អ្វីដែលធ្វើឱ្យសត្វកែះរងគ្រោះខ្លាំងដោយសារតែការប្រមាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងក្នុងការជួញដូរដោយសារតែជំនឿ»

លោកបានគូសបញ្ជាក់ថា កែះជាប្រភេទសត្វដែលកម្របង្ហាញខ្លួនឱ្យឃើញ ពីព្រោះវាមានភាពរហ័សរហួន ពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់។

មន្ត្រីនាំពាក្យក្រសួងបរិស្ថានបានប្រាប់ឱ្យដឹងថា រដូវបន្តពូជរបស់សត្វកែះមាននៅខែតុលា និងខែធ្នូ ហើយកើតបានកូន ១ ជួនកាលភ្លោះមានដោយកម្រ បន្ទាប់ពីពពោះ ៧ខែ។ កូនរបស់វារស់នៅជាមួយមេវាស្ទើរពេញ ១ឆ្នាំទើបចាកចេញ។

យោងតាមការសិក្សារបស់អ្នកជំនាញ សត្វកែះមានសម្បុរខ្មៅប្រផេះ និងរោមវែងស្តើង វាមានដងខ្លួនខ្លី ហើយជើងទាំង ៤ របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះ មានពណ៌ចម្រុះខ្មៅ ប្រផេះ លឿង។

នៅលើពំនូកក្បាលដល់ស្មារបស់វាមានរោមរឹងវែងៗសណ្ឋានដូចជាប្រែង។ សត្វនេះមានស្នែងដូចសត្វពពែដុះកោងទៅក្រោយបន្តិច ប្រវែងប្រហែល ២៨០មិល្លីមែត្រ ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់។ រីឯកន្ទុយខ្លី មានរោមសំពោងពណ៌ខ្មៅប្រផេះ។

តាមការសិក្សាចំពោះជីវសាស្ត្រវិញ សត្វកែះចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗដែលមានគម្របព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ក្រោមច្រើន។ សត្វកែះមានជើងយ៉ាងចំណាប់ក្នុងការដើរឡើងតាមផ្ទាំងថ្មចោតៗ។ នៅពេលថ្ងៃវាចូលចិត្តសម្រាកតាមគុម្ពោតព្រៃក្រាស់ ហើយចេញរកស៊ី នៅពេលព្រលឹម ឬក្បាលព្រលប់។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទ។ សត្វកែះចូលចិត្តយករូងភ្នំរាក់ៗធ្វើជាទីជម្រករបស់វាហើយគេអាចសម្គាល់វត្តមានវា ដោយសារគំនរលាមក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក