
រាជរដ្ឋាភិបាលបន្ថែមថវិកា ១០លានដុល្លារទៀតដល់ធនាគារអភិវឌ្ឍន៍ជនបទសម្រាប់ផ្តល់ជាកម្ចីដល់រោងម៉ាស៊ីនកិនស្រូវក្នុងការប្រមូលទិញស្រូវពីកសិករ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានបន្ថែមថវិកាចំនួន ១០លានដុល្លារទៀតលើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣លានដុល្លារដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់ជួយផ្តល់ជាកម្ចីដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្រប ជៀសវាងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។
ការបញ្ចេញប្រាក់កម្ចីរហូតដល់ ៩៣លានដុល្លារនេះ គឺដើម្បីជួយសម្រួលដល់រោងម៉ាស៊ីនកិនស្រូវអាចមានលទ្ធភាពប្រមូលទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ ខណៈតម្លៃស្រូវក្នុងប៉ុន្មានសប្តាហ៍កន្លងមកមានការប្រែប្រួលដោយសារតែប្រជាកសិករប្រមូលស្រូវ និងច្រូតកាត់ព្រមគ្នាទើបធ្វើឱ្យរោងកិនស្រូវពុំមានលទ្ធភាពប្រមូលទិញស្រូវទើបធ្វើឱ្យតម្លៃស្រូវមានការធ្លាក់ថ្លៃ។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានអំពាវនាវដល់ប្រជាកសិករតាមតំបន់ដែលត្រូវប្រមូលផលស្រូវ ត្រូវសហការជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់ខ្លួនដោយដាក់កម្មវិធីច្រូតកាត់ ដើម្បីជៀសវាងការប្រមូលផលក្នុងពេលតែមួយព្រមគ្នាដែលនាំឱ្យមានការបង្អាប់ថ្លៃស្រូវ។
បញ្ហាធ្លាក់ចុះតម្លៃស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យកន្លងមក ត្រូវបានក្រសួងកសិកម្ម សហការជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដោយម្ចាស់រោងម៉ាស៊ីនកិនស្រូវបានឯកភាពធានាតម្លៃស្រូវផ្ការំដួលមិនឱ្យក្រោម ៩០០០បាត ក្នុងមួយតោន ឬ ១លាន ៤ម៉ឺន ៤ពាន់រៀល ហើយក្នុងមួយគីឡូក្រាមមិនឱ្យក្រោម ៩បាត ឬ១០៤០រៀល៕