នាយករដ្ឋមន្ត្រីប្រាប់ឱ្យប្រធានគណៈកម្មការព្រំដែនកម្ពុជាសម្របសម្រួលដោះស្រាយបញ្ហាមីនតាមព្រំដែនថៃ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង សម្របសម្រួលជាមួយប្រទេសថៃដើម្បីដោះស្រាយបញ្ហាមីនតាមព្រំដែនថៃ បន្ទាប់ពីសម្ដេចបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ក្នុងឱកាសនៃកិច្ចប្រជុំអាស៊ានកាលពីដើមខែនេះ។
ថ្លែងក្នុងពិធីបិទសន្និបាតខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានយល់ព្រមក្នុងការដោះស្រាយបញ្ហាមីនតាមព្រំដែនជាមួយកម្ពុជាតាមរយៈការចូលរួមជាមួយគ្នាក្នុងការដោះមីនរួច សឹមចាំបាច់បោះបង្គោលព្រំដែន។
សម្ដេចតេជោមានប្រសាសន៍ថា៖ «យើងអត់កំណត់ថានេះដីអ្នកឯងដីថៃ នេះដីយើងទេគ្រាន់ថាតំបន់ហ្នឹងគឺតំបន់មិនទាន់ដាច់ស្រេចគ្រាន់តែថាវាមានមីន។ អញ្ចឹងយើងពិភាក្សាគ្នាទៅថៃអាចដោះបន្តមកកន្លែងណាយើងអាចកំណត់ទៅ គាត់អាចដោះលើដីគាត់ផង គាត់អាចដោះលើដីយើងផង ឯយើងដោះលើដីយើងផង ដោះលើដីគាត់ផងប្រសិនវាទៅមុខបន្តិចបន្ទួចវាអត់មានបញ្ហាទេរឿងហ្នឹង។ សំខាន់បំផុតធ្វើឱ្យប្រជាជនយើងបានទទួលនូវសេចក្ដីសុខ»។
បើតាមសម្ដេចតេជោ បច្ចុប្បន្នព្រំដែនខ្មែរ-ថៃ ដែលមានភាពស្រពិចស្រពិលលើខ្សែបន្ទាត់ព្រំដែន និងសង្ស័យថាមានមីនគឺមានប្រមាណ ៤០គីឡូម៉ែត្រ ខណៈព្រំដែនកម្ពុជា-វៀតណាម និងព្រំដែនកម្ពុជា-ឡាវ ត្រូវបានដោះស្រាយបញ្ហាមីននេះចប់សព្វគ្រប់រួចហើយ៕