ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការហួសចិត្តដែលមានអ្នកវិភាគ និងមនុស្សមួយចំនួនដែលថាប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន មកប្រដៅស្រុកខ្មែរ ខណៈការពិតគឺខុសពីនេះ។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន បានចូលប្រជុំទល់មុខគ្នាជាមួយលោក ចូ បៃឌិន ក្នុងពេលដែលលោក ចូ បៃឌិន បានចូលរួមប្រជុំអាស៊ាន បានបង្ហើបថា ក្នុងកិច្ចប្រជុំនោះសម្ដេចតេជោ និងលោក ចូ បៃឌិន បានចរចារលើរឿងមួយចំនួនទាក់ទងនឹងប្រជាធិបតេយ្យ និងបញ្ហានៃការបញ្ជូនជនជាតិខ្មែរមកកម្ពុជាវិញ។ សម្ដេចតេជោ ថាគ្មានការចរចារលើរឿងដោះលែងអ្នកទោស ឬស្រ្តីម្នាក់ដែលសម្ដេចហៅថា អប្សរាក្បាលត្រងោល នោះទេ។
សម្ដេចតេជោ ហ៊ុន សែន ក៏មានចម្ងល់ថា ហេតុអ្វីបានជាមនុស្សមួយចំនួនថាអាមេរិកមកដាក់សម្ពាធលើរឿងសិទ្ធិមនុស្សនៅកម្ពុជាទៅវិញ។
សម្ដេចតេជោថា៖ «សូមឱ្យអ្នកដែលធ្វើអត្ថាធិប្បាយនានាពាក់ព័ន្ធនឹងការធ្វើអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិក ឱ្យមានការគោរពចំពោះក្រមសីលធម៌ទាំងឡាយនៃមេដឹកនាំដែលមានការជជែកគ្នា។ ខ្ញុំមាននៅក្នុងហៅប៉ៅរបស់ខ្ញុំគឺកំណត់ហេតុទាំងស្រុងនៃការសន្ទនាគ្នា តែខ្ញុំអត់នឹងថាមានរឿងហេតុកើតឡើងដល់ស្ដាប់ៗទៅវាទៅជារឿងមួយផ្សេង»។
ករណីនេះក៏កើតឡើងដូចគ្នាក្នុងពេលសម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អែនតូនីញ៉ូ ដែលមនុស្សមួយចំនួនថា លោកមកនិយាយជាមួយកម្ពុជាលើរឿងសិទ្ធិមនុស្ស។
សម្ដេចបន្ថែមថា៖ «ខ្ញុំមិនដឹងថាគេបានសំដីហ្នឹងមកពីណា? ខ្ញុំគិតថាវាមិនហួសហេតុពេកទេប្រសិនជាយើងសុំផ្ទៀងផ្ទាត់ពីកំណត់ហេតុទាំងសងខាងនោះ»។
គួរឱ្យដឹងផងដែរថាសារព័ត៌មានមួយចំនួនបានចុះផ្សាយ និងបានដកស្រង់សំដីអ្នកវិភាគមួយចំនួនដែលបានលើកឡើងថាក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយប្រធានាធិបតីអាមេរិក និងអគ្គលេខាធិការអង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រីកម្ពុជាត្រូវបានអាមេរិក និងអង្គការសហប្រជាជាតិសាកសួរពីបញ្ហាសិទ្ធិមនុស្ស ឬដាក់សម្ពាធលើសម្ដេចតេជោ ដើម្បីឱ្យដោះលែងអ្នកទោសមួយចំនួន។ ទោះជាយ៉ាងណាបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីសម្ដេចជួបជាមួយលោក ចូ បៃឌិន ថ្នាក់ដឹកនាំទាំងពីពុំបានលើកពីបញ្ហាទាំងនេះនោះទេ អ្វីដែលភាគីទាំងពីរពិភាក្សាគឺការបន្តសកម្មភាពនៃកិច្ចសហប្រតិបត្តិការ រួមមាន កិច្ចសហប្រតិបត្តិលើការអនុវត្តច្បាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន វិស័យវប្បធម៌ ការដោះមីន ការថែរក្សាសន្តិភាព និងបរិស្ថានជាដើម៕
PHOTO: EAC NEWS