កោះកុង៖ សត្វព្រៃចំនួន២០ប្រភេទបានបង្ហាញខ្លួននៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ក្នុងខេត្តកោះកុងតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិដែលបានបំពាក់ក្នុងព្រៃដើម្បីថតសកម្មភាពនៃការរស់នៅរបស់សត្វព្រៃ។ ប្រភេទសត្វព្រៃសត្វក៏កម្រទាំង២០នោះរួមមាន ពង្រូល, ភេរោមច្រមុះ ឆ្កែព្រៃ ជ្រូកពោន ឬព្រុល ប្រើសស្បូវ ឆ្មារដាវ កំប្រុកព័ណ៌ ប្រម៉ា ឈ្លូស ក្តាន់ញ៉ែងតូច សំពោចក្រអូប ជ្រូកព្រៃ ត្រកួត កេងកងតូច មាន់ទោប្រាក់ ក្រសារតូច សំបកទំពាំង មាន់ព្រៃ និងថនិកសត្វ បក្សីមួយចំនួនទៀត។
រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការបង្ហាញខ្លួនរបស់សត្វព្រៃចំនួន ២០ប្រភេទក្នុងដែនជម្រកសត្វព្រៃខេត្តកោះកុង គឺបង្ហាញពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ប្រជាសហគមន៍ ដៃគូអភិវឌ្ឍ អង្គការដៃគូដែលធ្វើការងារលើផ្នែកអភិរក្សក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃនៅកម្ពុជា។
មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានរៀបរាប់ដូច្នេះថា៖ «នេះក៏បង្ហាញពីមោទកភាពចំពោះក្រុមការងារស្រាវជ្រាវរបស់ក្រសួងបរិស្ថាន ដែលបានខិតខំប្រឹងប្រឺងការសិក្សាស្រាវជ្រាវ ប្រមូលចងក្រងទិន្នន័យប្រភេទសត្វព្រៃ ដែលមានវត្តមាននៅក្នុងតំបន់អភិរក្សរបស់ប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់ការអភិរក្ស និងសម្រាប់ការយល់ដឹងរបស់សាធារណៈជន»។
លោក នេត្រ ភក្ត្រា បាននិយាយថា នាយកដ្ឋានអភិរក្សតំបន់ឆ្នេរនិងសមុទ្រនៃអគ្គនាយកដ្ឋានតំបន់ ការពារធម្មជាតិ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុងបានដាក់ និងចុះដោះម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងដែនជម្រកសត្វព្រៃខេត្តកោះកុង ចំនួន៣៤ ទីតាំងដោយប្រើរយៈពេល ៣ខែ ចាប់ពីថ្ងៃទី៨ ខែ សីហា ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។
បើតាមលោក នេត្រ ភក្ត្រា ក្រុមការងារបានចុះប្រមូលទិន្នន័យពីថ្ងៃទី ១៤ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយជាលទ្ធផល រកឃើញពីវត្តមានប្រភេទសត្វព្រៃមានដោយកម្រ និងប្រភេទសត្វមានដោយបង្គួរនៅក្នុងប្រទេសកម្ពុជា និងប្រភេទជិតផុតពូជខ្លាំង ប្រភេទជិតគំរាមកំហែង ប្រភេទជិតផុតពូជ ប្រភេទងាយរងគ្រោះ ប្រភេទមានការព្រួយបារម្ភតិចតូច ក្នុងបញ្ជីក្រហម IUCN ចំនួន ២០ប្រភេទ និងប្រភេទថនិកសត្វ និងសត្វស្លាបផ្សេងៗជាច្រើនទៀត។
រដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្តថា ប្រភេទសត្វមួយចំនួនដែលបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃខេត្តកោះកុងនេះ ក៏បានបង្ហាញវត្តមាននៅតាមតំបន់ការពារធម្មជាតិផ្សេងៗទៀតនៅក្នុងការសិក្សាស្រាវជ្រាវកន្លងមកផងដែរ។
រដ្ឋលេខាធិការបានអះអាងថា រូបភាពសត្វព្រៃដែលថតបាននិងទិន្នន័យនានានឹងត្រូវមន្ត្រីជំនាញនៃក្រសួងបរិស្ថាន ធ្វើការវិភាគពីរបាយសត្វព្រៃ ស្ថានភាពទីជម្រក កត្តាគំរាមកំហែង ដែលជាកម្មវត្ថុធ្វើបច្ចុប្បន្នភាពតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃនៅក្នុងខេត្តកោះកុង។
លោក នេត្រ ភក្ត្រា បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ចូលរួមដើម្បីបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលសុទ្ធសឹងអាចបង្កហានិភ័យខ្ពស់ដល់សុខភាពមនុស្ស ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិ និងជីវៈចម្រុះរបស់កម្ពុជានេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
អ្នកនាំពាក្យក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ក្រសួងរួមនឹងដៃគូបាននិងកំពុងអនុវត្តទាំងវិធានការច្បាប់ផង និង វិធានការបង្កើតសេដ្ឋកិច្ចមូលដ្ឋានដើម្បីកាត់ផ្តាច់ការពឹងអាស្រ័យរបស់ប្រជាពលរដ្ឋទៅលើធនធានធម្មជាតិ ខណៈសេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍរីកចម្រើន មានកំណើនការងារ និងប្រជាពលរដ្ឋមានចំណូលកាន់តែប្រសើរឡើង៕