ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហង់ជួន ណារ៉ុន៖ ក្រសួងមិនតម្រូវឱ្យបេក្ខជនប្រឡងបាក់ឌុបធ្វើតេស្តមុនប្រឡង ហើយបើមានបេក្ខជនឆ្លងត្រូវប្រឡងក្នុងបន្ទប់ដាច់ដោយឡែក

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ក្រសួងអប់រំមិនតម្រូវឱ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ ទាំងអស់ធ្វើតេស្តរកជំងឺកូវីដ-១៩ មុនមួយថ្ងៃប្រឡងនោះឡើយ។ ដោយឡែកក្នុងករណីរកឃើញបេក្ខជនមានវិជ្ជមានកូវីដ-១៩ ពួកគេនៅតែអាចបន្តប្រឡង ប៉ុន្តែត្រូវប្រឡងនៅក្នុងបន្ទប់មួយដាច់ដោយឡែក។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីដំណើរការប្រឡងបាក់ឌុបនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកាថា៖ «យើងនឹងមិនមានធ្វើតេស្តមួយថ្ងៃមុនទេ ប៉ុន្តែអំពាវនាវឱ្យបេក្ខជនទាំងអស់ត្រួតពិនិត្យមើលសុខភាពដោយខ្លួនឯង ប្រសិនមានអាការមិនស្រួលក្តៅខ្លួន ឈឺក្បាល ក្អក សូមធ្វើតេស្តជាមុនដោយខ្លួនឯង ហើយជូនដំណឹងដល់ប្រធានមណ្ឌលប្រឡង គឺយើងនឹងរៀបចំជាបន្ទប់ពិសេសមួយដើម្បីឱ្យបេក្ខជនចូលរួមប្រឡងដោយមិនបង្កើតជាហានិភ័យដល់បេក្ខជនផ្សេងទៀត»។

តែយ៉ាងណាមិញ លោក ហង់ជួន ណារ៉ុន បានលើកឡើងថា គ្រូ មន្ត្រីអប់រំ និងបេក្ខជនប្រឡងទាំងអស់គឺត្រូវបន្តពាក់ម៉ាសជាប្រចាំដើម្បីការពារ និងបញ្ចៀសហានិភ័យកើតឡើងដោយសារជំងឺកូវីដ-១៩។ ជាពិសេសបន្តការអនុវត្តតាមវិធានការសុខាភិបាល គឺ៣កុំ និង៣ការពារ លាងដៃជាមួយសាប៊ូ ជែល និងទឹកអាកុលជាប្រចាំ។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំនេះធ្វើឡើងនៅថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ដោយមានបេក្ខជនចុះឈ្មោះប្រឡងបាក់ឌុបសរុបចំនួនជាង ១២ម៉ឺននាក់ ស្រីចំនួនជាង ៦ម៉ឺននាក់។ មណ្ឌលសំណេរមានចំនួន ២២១មណ្ឌល ត្រូវជា៥ ១៧៤បន្ទប់។

លោករដ្ឋមន្ត្រីក្រសួងអប់រំបានអះអាងថា គោលការណ៍នៃការប្រឡងបាក់ឌុបឆ្នាំនេះ ដូចនឹងគោលការណ៍ប្រឡងបាក់ឌុបឆ្នាំមុនៗដែរ គឺគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

ដំណើរការកំណែវិញ្ញាសាប្រឡងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងនឹងរៀបចំការបិទបញ្ជីឈ្មោះបេក្ខជនប្រឡងនៅតាមរាជធានី ខេត្ត ចំនួនពីរលើក ដោយលើកទី១ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលមណ្ឌលប្រឡងត្រូវនឹងអក្ខរក្រមនៃឈ្មោះរបស់ខ្លួន និងលើកទី២ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ ដើម្បីពិនិត្យមើលនិងបញ្ជាក់ម្តងទៀតអំពីមណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ។

ការប្រកាសលទ្ធផលប្រឡងនឹងធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់បេក្ខជននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយសម្រាប់ខេត្តដទៃទៀត ក្រសួងនឹងប្រកាសនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

ការប្រឡងបាក់ឌុបឆ្នាំនេះ មានគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមត្រួតពិនិត្យដំណើរការប្រឡងសរុបចំនួន ២៧ ៧៥៣នាក់។

ដើម្បីឱ្យការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំបានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង ស្ថាប័នចំនួន៦ រួមមាន ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គិសនីកម្ពុជា។

ក្រសួងអប់រំបានអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យ បានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌល ប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្រសួងបានសង្កត់ធ្ងន់ថា ក្នុងករណីរកឃើញថា បេក្ខជនប្រឡងបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក