ភ្នំពេញ៖ អាជ្ញាធរបានឃាត់ខ្លួនស្ត្រីម្នាក់ដែលបានយកដុំថ្មគប់បណ្តាលឱ្យបែកកញ្ចក់រថយន្តរបស់បុរសម្នាក់ដែលស្ថិតនៅក្នុងមុខផ្ទះរបស់ជនរងគ្រោះក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។
ស្ត្រីជាជនសង្ស័យមានអាយុ២៥ឆ្នាំ ជាជនជាតិខ្មែរ មានមុខរបរជាអ្នកលក់ដូរ ដែលមានទីលំនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ចំពោះជនរងគ្រោះ ភេទ ប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ជាអាជីវករ ស្នាក់នៅផ្ទះកើតហេតុ។
ប្រភពពីសមត្ថកិច្ចបានគូសបញ្ជាក់ឱ្យដឹងថា កន្លងមកជនរងគ្រោះធ្លាប់បានខ្ចីថវិកាជនសង្ស័យចំនួន ១ពាន់ ៥រយដុល្លារ ដើម្បីធ្វើជាទុនរកស៊ី ដោយសន្យាសងជនសង្ស័យទាំងដើម ទាំងការវិញចំនួន ២ពាន់ ១រយដុល្លារ។ ប៉ុន្តែជនរងគ្រោះមិនបានសងលុយដល់ជនសង្ស័យឡើយ។
លុះដល់ថ្ងៃទី២០ ខែវិច្ឆិកា ជនសង្ស័យក៏បានជិះទៅទារប្រាក់ដល់ផ្ទះជនរងគ្រោះ គ្រានោះភាគីទាំងពីរបានឈ្លោះទាស់ពាក្យសម្តីគ្នា ទើបជនសង្ស័យយកដុំថ្មគប់បំបែកកញ្ចក់ឡានខាងក្រោយ និងកំពិតទ្វារក្រោយខាងឆ្វេងរបស់ជនរងគ្រោះម៉ាក Toyota Land Cruiser ពណ៌ខ្មៅ។ រួចបន្តគប់រថយន្តជនរងគ្រោះចំនួន ១ផ្សេងទៀត ម៉ាក Toyota Pruis ពណ៌ទឹកមាស បណ្តាលឲ្យកំពិតទ្វារមុខ និងក្រោយខាងស្តាំ ផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រួមទាំងវត្ថុតាងដុំថ្មចំនួន ៣ដុំដើម្បីដោះស្រាយនីតិវិធីជាបន្តទៀត៕