ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សាឡង់បូមខ្សាច់ដែលក្រឡាប់ប៉ះស្ពានបាឡេក្នុងខណឫស្សីកែវ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា អាជ្ញាធរពុំទាន់ទាញចេញនៅឡើយទេ ខណៈអាជ្ញាធរ និងអ្នកជំនាញកំពុងតែសិក្សាបច្ចេកទេសទាញយកចេញពីស្ពានឱ្យបានកាន់តែឆាប់ដើម្បីជួសជុលស្ពានឡើងវិញ។
នៅវេលាព្រឹកម៉ោង៩ ថ្ងៃទី២១ ខែវិច្ឆិកា អង្គភាពសារព័ត៌មាន EAC news បានចុះទៅសាកសួរផ្ទាល់ជាមួយអាជ្ញាធរ ដោយជួបប្រជាការពារខណ្ឌឫស្សីកែវម្នាក់ គឺលោក វិន រតនៈ ដែលកំពុងតែយាមការពារស្ពានបាឡេតាមបទបញ្ជាពីថ្នាក់លើឱ្យបិទស្ពានជាបណ្តោះអាសន្នដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។
ប្រជាការពារខណ្ឌឫស្សីកែវបានបញ្ជាក់ថា កាលពីល្ងាចម៉ោងជិត៥ ថ្ងៃទី២០ ខែវិច្ឆិកា មានសាឡង់បូមខ្សាច់មួយបានធ្វើដំណើរមកពីខាងមាត់ទន្លេ (ព្រះបរមរាជវាំង) រហូតមកដល់ស្ពានបាឡេ សាឡង់នោះបានបើកផុតស្ពានប្រហែលជាង ២០០ម៉ែត្រហើយ ប៉ុន្តែដោយសារខ្យល់ខ្លាំង ហើយគាប់ជួនម៉ាស៊ីនខូចទៀតទើបបណ្តាលឱ្យសាឡង់រេប៉ះស្ពានបាឡេបណ្តាលឱ្យទ្រេតសសរស្ពានចំនួន ៣ដើម។
លោកបាននិយាយដូច្នេះថា៖ «សាឡង់បានបើកទៅដល់ហួសស្ពាន មានបញ្ហាម៉ាស៊ីន ដល់អ៊ីចឹងវាខំបត់មកដែរដើម្បីឱ្យផុតកុំឱ្យប៉ះស្ពាន ប៉ុន្តែទឹកហូរខ្លាំងពេក រលត់ម៉ាស៊ីនទៅ អត់មានចង្កូត អ៊ីចឹងអត់ដឹងថារកទីតាំងណាមួយដើម្បីអាចចតនៅកៀន ដល់ពេលទៅអត់ដល់បានបុកស្ពាន»។
បើតាមលោកប្រជាការពារខណ្ឌឫស្សីកែវ ក្រោយមានហេតុការណ៍នេះភ្លាម លោក និងប្រជាការពារខណ្ឌជាច្រើនរូបទៀតបានមកចុះបិទដាក់រនាំងហាមឃាត់ជំនិះគ្រប់ប្រភេទទាំងអស់ធ្វើដំណើរឆ្លងកាត់ស្ពាន ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។
លោកប្រាប់ថា៖ «បញ្ហានេះប្រសិនជាយើងអាចឱ្យគេធ្វើដំណើរឆ្លងកាត់ អាចស្ពានហ្នឹងរំញោចធ្វើឱ្យស្ពានហ្នឹងបាក់ភ្លាមតែម្តង»។
លោក វិន រតនៈ បានគូសបញ្ជាក់ថា សាឡង់នោះមិនទាន់អាចយកចេញបានភ្លាមៗនោះទេ ជាក់ស្តែង នៅព្រឹកនេះ មន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌឫស្សីកែវ កំពុងតែប្រជុំរកពិធី និងបច្ចេកទេសក្នុងការទាញយកសាឡង់នោះចេញពីស្ពាន ទើបអាចឱ្យអ្នកជំនាញធ្វើការជួសជុលស្ពាននោះឡើងវិញ។
លោកនិយាយថា៖ «ទាល់តែគេបោះត្រើយពីខាងនោះមួយ ពីខាងនោះមួយទៀត ហើយមានសាឡង់អូសចេញទៅស្របគ្នា បានយើងទាញសាឡង់ចេញទៅអេមទៅត្រើយម្ខាង ហើយអ្នកជំនាញបញ្ជាក់ថា ត្រូវសិក្សានៅខាងក្រោមស្ពានទៀត ថាទម្ងន់ប៉ុន្មានដើម្បីកុំឱ្យមានបញ្ហា។ គេប្រជុំចប់ បានគេកំណត់ថា យកសាឡង់ប៉ុន្មានដើម្បីទាញចេញ និងដាក់ថ្ងៃទាញចេញអាចស្អែក ឬខាងស្អែក»។
សូមរំលឹកថា កន្លងមកធ្លាប់មានករណីទូក និងកប៉ាល់បើកប៉ះស្ពានបាឡេដែរ ប៉ុន្តែមិនធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ស្ពានឡើយ។
សូមបញ្ជាក់ថា ស្ពានដែកបាឡេដែលឆ្លងកាត់ទន្លេសាបឆ្ពោះមកកាន់តំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វា ខណ្ឌជ្រោយចង្វា បានបើកសម្ពោធដាក់ឲ្យចរាចរណ៍ជាផ្លូវការនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨។ ស្ពានបាឡេថ្មីនេះ មានទទឹង ១២ម៉ែត្រ និងបណ្ដោយ ៥០០ម៉ែត្រ ដោយចំណាយថវិកាចំនួន ៩លានដុល្លារ៕