វ៉ាស៊ីនតោន៖ ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi មកពីបក្សប្រជាធិបតេយ្យ បាននិយាយថា លោកស្រីនឹងបោះបង់តួនាទីជាប្រធានសភា ដើម្បីផ្តល់ឱកាសឱ្យមនុស្សជំនាន់ក្រោយ។
លោកស្រី Pelosi ដែលមានអាយុ ៨២ឆ្នាំ បានធ្វើសេចក្តីប្រកាសរបស់លោកស្រីអំពីនេះ ក្នុងអំឡុងពេលសុន្ទរកថា ទទួលបានការអបអរសាទរពីគណបក្សប្រជាធិបតេយ្យ។ លោកស្រីបាននិយាយថា លោកស្រីនឹងមិនចូលនិវត្តន៍ពីសភាទេ ប៉ុន្តែបន្តធ្វើជាតំណាងទីក្រុង San Francisco ដូចដែលលោកស្រីបានធ្វើអស់រយៈពេល ៣៥ឆ្នាំមកហើយ។
លោកស្រី Pelosi បានដើរតួនាទីសំខាន់ក្នុងការដឹកនាំរបៀបវារៈនីតិប្បញ្ញត្តិរបស់ប្រធានាធិបតីប្រជាធិបតេយ្យពីររូបតាមរយៈសភា ទោះបីជាលោកស្រីត្រូវបានរងការប្រមាថដោយពួកអភិរក្សនិយមជាច្រើនក៏ដោយ។ លោកស្រីបានជួយអនុម័តច្បាប់ថែទាំសុខភាពឆ្នាំ២០១០ ដែលចុះហត្ថលេខាដោយប្រធានាធិបតី Barack Obama ក៏ដូចជាការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងការចំណាយលើអាកាសធាតុ និងបទប្បញ្ញត្តិកាំភ្លើងក្រោម រដ្ឋបាលលោក Biden ៕