អាជ្ញាធរមីនកម្ពុជានឹងរៀបចំតាំងពិព័រណ៍ខួប៣០ឆ្នាំនៃសកម្មភាពមីន នៅកោះពេជ្រ ថ្ងៃទី២១-២២ ខែវិច្ឆិកា
ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជានឹងរៀបចំតាំងពិព័រណ៍ខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជានៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្ររយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
ពិព័រណ៍ខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជានេះ រៀបចំឡើងដោយអាជ្ញាធរមីនកម្ពុជាសហការជាមួយប្រតិបត្តិករសកម្មភាពមីនជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិល សរុបចំនួន ២១ស្ថាប័ន។
ប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នឹងតំណាងសម្តេចតេជោ ហ៊ុន សែន ប្រធានអាជ្ញាធរមីន អញ្ជើញជាអធិបតីភាពក្នុងពិធីបើកពិព័រណ៍ជាផ្លូវការនៅព្រឹកវេលាម៉ោង៩:០០ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២។
សាធារណជនអាចអញ្ជើញទៅទស្សនាតាំងពិព័រណ៍នេះដោយសេរី ដោយមានការដាក់តាំងស្តង់ពិព័រណ៍ចំនួន៥២ ដែលបង្ហាញពីសមិទ្ធផលសកម្មភាពមីនរយៈពេល ៣០ឆ្នាំ ដូចជាឧបករណ៍ ម៉ាស៊ីន គ្រឿងចក្របោសសម្អាតមីន។ ជាពិសេសសាធារណជនអាចទស្សនាសកម្មភាពអ្នកជំនាញដោះមីនដោយដៃផ្ទាល់ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធហិតរកមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយសត្វសុនខ និងកណ្តុរ។
លើសពីនេះក៏មានការបង្ហាញពីកិច្ចសង្គ្រោះជនរងគ្រោះ ការអប់រំកាត់បន្ថយគ្រោះថ្នាក់ ការប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន និងឧបករណ៍បច្ចេកទេសទំនើបៗ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមផងដែរ។
គូសបញ្ជាក់ថា រយៈពេល ២៩ឆ្នាំកន្លងមក គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២១ កម្ពុជាបានរកឃើញ និងបំផ្លាញចោលគ្រាប់មីនប្រឆាំងមនុស្សចំនួនជាង ១លានគ្រាប់ មីនប្រឆាំងរថក្រោះចំនួនជាង ២ម៉ឺនគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រាប់បែកចង្កោមចំនួនជិត ៣លានគ្រាប់។
ក្នុងនោះផងដែរមានផ្ទៃដីទំហំ ២៣២៥គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៨ភាគរយ និងផ្សេងៗ ២១ភាគរយ រួមមានការសាងសង់លំនៅដ្ឋាន ភូមិក សាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផលចំនួនជាង ៧លាននាក់៕