BREAKING NEWS: ក្រសួងកសិកម្មថានឹងស្វែងរកយុត្តិធម៌ជូនមន្ត្រីខ្លួនឲ្យបានពាក់ព័ន្ធនឹងការឃាត់មន្ត្រីរបស់ក្រសួងដោយអាជ្ញាធរអាមេរិក
ភ្នំពេញ៖ ក្រសួងកសិកម្មថានឹងប្រឹងប្រែងស្វែងរកយុត្តិធម៌ជូនមន្ត្រីរបស់ខ្លួនដែលត្រូវបានអាជ្ញាធរអាមេរិកឃាត់ខ្លួននិងចោទប្រកាន់ថាបានរត់ពន្ធសត្វស្វាទៅអាមេរិក។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសំដែងនូវការហួសចិត្តដែលអាជ្ញាធរអាមេរិកឃាត់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃនិងជីវៈចម្រុះ នៃរដ្ឋបាលព្រៃឈើ លោក គ្រី ម៉ះផល និងបានចោទប្រកាន់ប្រធានរដ្ឋបាលព្រៃឈើកម្ពុជា លោក កែវ អូម៉ាលីស្ស ថាបានផ្សំគំនិតក្នុងការរត់ពន្ធសត្វស្វាក្ដាមទៅសហរដ្ឋអាមេរិក។
ក្រសួងកសិកម្មបញ្ជាក់ថា ការនាំចូលសត្វស្វាក្ដាមទៅអាមេរិកគឺទទួលបានច្បាប់អនុញ្ញាតត្រឹមត្រូវពីប្រទេសនេះហើយក្រុមហ៊ុននាំចូលក៏អនុវត្តតាមនីតិវិធីរបស់សហរដ្ឋអាមេរិកដែរ។
ក្នុងសេចក្ដីប្រកាសនោះក្រសួងកសិកម្មបានលើកឡើងថា៖ «សត្វស្វាក្ដាមត្រូវបានចិញ្ចឹមនៅកម្ពុជាតាំងពីឆ្នាំ២០០៥ មកម៉្លេះ ហើយត្រូវបាននាំចេញសម្រាប់គោលដៅវេជ្ជសាស្ត្រជាពិសេសសម្រាប់ដំណាក់កាលពិសោធន៍ដើម្បីផលិតឱសថវ៉ាក់សាំងឬគ្រឿងសំអាង។ សត្វស្វាក្ដាមទាំងនេះមិនមែនត្រូវបានចាប់ពីព្រៃហើយបញ្ជូនចេញទៅក្រៅប្រទេសនោះទេ»។
ក្រសួងក៏បានបញ្ជាក់ដែរថា នៅកម្ពុជាមានកសិដ្ឋានចិញ្ចឹមសត្វស្វាក្ដាមហើយដែលទទួលបានការទទួលស្គាល់តាមផ្លូវច្បាប់និងគោរពតាមបទដ្ឋានអនាម័យនិងវិធីសាស្រ្តចិញ្ចឹមត្រឹមត្រូវ ដើម្បីរក្សាឲ្យបាននៅហ្សែនរបស់វាមិនឲ្យផុតពូជនោះឡើយ។
ក្រសួងកសិកម្មបានការពារលើមន្ត្រីរបស់ខ្លួននិងប្រកាសប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីស្វែងរកយុត្តិធម៌ជូនពួកគេ ជាពិសេសអ្នកដែលបំពេញកាតព្វកិច្ចផ្លូវការតំណាងប្រទេស ស្របតាមអនុសញ្ញាអន្តរជាតិ។
គួរឲ្យដឹងផងដែរថា ប្រធាននាយកដ្ឋានសត្វព្រៃនិងជីវៈចម្រុះនៃរដ្ឋបាលព្រៃឈើលោក គ្រី ម៉ះផល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ត្រូវបានអាជ្ញាធរអាមេរិកឃាត់ខ្លួននៅអាកាសយានដ្ឋាន ចន អ្វេហ កេណ្ណេឌី នៅក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិក អំឡុងពេលលោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វនិងរុក្ខជាតិជិតផុតពូជ CITES នៅប្រទេសប៉ាណាម៉ា៕