ភ្នំពេញ៖ ពាក្យពេជន៍ជូនពរជាច្រើនបានបន្តគ្នាជូនពរដល់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងប្រអប់សារយោបល់លើហ្វេសបុកផេករបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។
ចាប់តាំងពីទទួលដំណឹងពីការឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៥ ខែវិច្ឆិកាមក ប្រជាជនកម្ពុជារាប់លាននាក់បានចូលទៅចូលផ្ដល់យោបល់ក្នុងប្រអប់សារយោបល់ ឬ Comment លើហ្វេសបុករបស់សម្ដេចតេជោ ហ៊ុន សែន ជាបន្តបន្ទាប់ ដែលបង្ហាញពីការយកចិត្តទុកដាក់ ការបារម្ភ ពីសំណាក់ពលរដ្ឋដល់សម្ដេចតេជោដែលបានលះបង់ក្នុងការដឹកនាំប្រទេស ជាពិសេសគឺកិច្ចប្រជុំអាស៊ានឆ្នាំ២០២២។
ការឆ្លងជំងឺកូវីដ-១៩ នេះត្រូវបានសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថាអាចមកពីសម្ដេចមានការហត់នឿយនឹងការងារខ្លាំងពេកទើបបណ្ដាលឱ្យប្រព័ន្ធការពាររាង្គកាយចុះខ្សោយធ្វើឱ្យជំងឺនេះជ្រៀតចូលក្នុងខ្លួនបាន។
ក្នុងសារសំឡេងពិសេសកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា បន្ទាប់ពីមកដល់កម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពេលកិច្ចប្រជុំអាស៊ានសម្ដេចបានធ្វើការក្នុងមួយថ្ងៃយ៉ាងហោច ១៥ម៉ោង ដែលធ្វើឱ្យហត់នឿយងាយទទួលរងនូវការវាយលុកពីជំងឺកូវីដ-១៩។ ទោះជាយ៉ាងណាសម្ដេចតេជោថា សម្ដេចនឹងខិតខំធ្វើការព្យាបាល។
ការចូលទៅជូនពរពីពលរដ្ឋនេះគឺបង្ហាញពីការគាំទ្រ ការស្រលាញ់ និងគោរពចំពោះការលះបង់របស់សម្ដេចចំពោះជាតិមាតុភូមិ ខណៈដែលតាមការសង្កេតគឺកាលវិភាគរបស់សម្ដេចតេជោតែងចុះធ្វើការជាប់ជានិច្ចមិនថាកិច្ចការក្នុងស្រុក ឬអន្តរជាតិ។ សម្ដេចតេជោ គឺអ្នកនាំមុខគេក្នុងការដឹកនាំប្រតិភូចុះជួបពលរដ្ឋ ចុះជួយពលរដ្ឋ ផ្ដល់កិត្តិយសដល់សិស្សនិស្សិតតាមរយៈការចែកសញ្ញាបត្រ ជួបភ្ញៀវអន្តរជាតិ ជាពិសេសគឺការដឹកនាំកិច្ចប្រជុំអាស៊ានប្រកបដោយជោគជ័យកាលពីសប្ដាហ៍មុន។
សម្ដេចតេជោ ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជិត ៣៨ឆ្នាំហើយ ដែលបានក្លាយជានាយករដ្ឋមន្ត្រីដែលកាន់តំណែងវែងជាងគេបំផុតទី២ ក្នុងពិភពលោកបន្ទាប់ពីព្រះចៅស៊ុលតង់ Hassanal Bolkiah នៃប្រទេសប្រ៊ុយណេ។
កើតចេញពីកូនកសិករនៅខេត្តកំពង់ចាម សម្ដេចតេជោ ហ៊ុន សែន តែងដឹងពីសុខទុក្ខប្រជាពលរដ្ឋ មានភាពអត់ធ្មត់ និងតស៊ូ។ សម្ដេចតេជោបានជួយសង្គ្រោះអាយុជីវិតពលរដ្ឋពីវិបត្តិធំៗចំនួន២គឺរំដោះពលរដ្ឋខ្មែរពីបនប្រល័យពូជសាសន៍ខ្មែរក្រហម និងវិបត្តិនៃជំងឺកូវីដ-១៩ ក្រៅពីនោះគឺបានបង្រួមបង្រួមប្រទេសដែលបានបែកបាក់អស់ជាង៥០០ឆ្នាំឱ្យក្លាយជាប្រទេសដែលមានដំបូលក្រោមព្រះមហាក្សត្រតែមួយ និងរដ្ឋាភិបាលតែមួយដូចបច្ចុប្បន្ន។ ស្នាដៃដែលមានវីរភាពនេះហើយទើបធ្វើឱ្យពលរដ្ឋខ្មែរភាគច្រើនក្នុងប្រទេសគោរពដឹងគុណចំពោះបុរសដែលមានវ័យ៧០ឆ្នាំដែលជាកុលបុត្រខ្មែរដ៏អស្ចារ្យម្នាក់នេះ។
ពូកយើងសូមជូនពរដល់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ឆាប់ជាសះស្បើយពីជំងឺ និងមានសុខភាពល្អដើម្បីបន្តដឹកនាំប្រទេសកម្ពុជាជាបន្តទៀត៕