លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

អ្នកនាង គង់ ច័ន្ទស្រីមុំ និងលោក ដេវីត សុំទោសមហាជន និងទទួលស្គាល់កំហុសចំពោះការលេងសើចជ្រុលជ្រួសលើព្រះអង្គម្ចាស់ព្រុយណេ

ភ្នំពេញ៖ អ្នកនាង គង់ ច័ន្ទស្រីមុំ និងលោក ដេវីត បានសរសេរសារសុំទោសនៅលើគណនីហ្វេសប៊ុកដំណាលគ្នាទៅមហាជនចំពោះការលេងសើចជ្រុលជ្រួសលើព្រះអង្គម្ចាស់ព្រុយណេ Abdul Mateen ដោយគ្មានការពិចារណា និងគិតដិតដល់ដែលនាំឱ្យមហាជនរិះគន់។ អ្នកទាំងពីរពិតជាទទួលស្គាល់នូវកំហុសឆ្គងនេះ ដោយសុំការយោគយល់ និងការអនុគ្រោះពីមហាជនអ្នកលើបណ្តាញសង្គមហ្វេសប៊ុក។

លោក ដេវីត បានសម្តែងការសោកស្តាយ និងសុំទោសទៅមហាជនដូច្នេះថា៖ «ខ្ញុំបាទ ពិតជាសូមទោសនូវរាល់ទង្វើគ្រប់យ៉ាងដែលបានកើតឡើង ដូចដែលអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវីដីអូ។ ខ្ញុំបាទ ពិតជាសោកស្តាយណាស់ ដែលមានរឿងនេះកើតឡើង ហើយធ្វើអោយប៉ះពាល់ដល់អ្នកទាំងអស់គ្នាយ៉ាងធ្ងន់ធ្ងរ។ ដោយហេតុតែខ្ញុំបាទ លេងសើចជ្រុលជ្រួសលើសដែនកំណត់ ពុំបានគិតដិតដល់ ហើយក៏មិននឹកស្មានថា វីដេអូនេះត្រូវបានផុសជាសាធារណៈដែរ»

លោកបានលើកឡើងថា ខ្លួនលោកពិតជាគ្មានចេតនាប្រមាថចំពោះព្រះអង្គម្ចាស់ព្រុយណេ ឬជាតិសាសន៍ ឬបុគ្គលណាមួយឡើយ។ លោកនិយាយដូច្នេះថា៖ «បន្ទាប់ពីបានបង្ហោះប្រមាណ ១០នាទី ខ្ញុំបាទ បានភ្ញាក់រលឹកក៏លុបចោលភ្លាមៗ តែមិននឹកស្មានថា រឿងនេះបានធ្វើអោយបងប្អូនប្រតិកម្មយ៉ាងខ្លាំង។ នេះជាមេរៀនធំមួយសម្រាប់ខ្ញុំបាទ ហើយខ្ញុំបាទដឹងថា កំហុសនេះពិតជាមិនអាចលើកលែងអោយបាន តែសូមចិត្តបងប្អូនទាំងអស់យោគយល់និងអនុគ្រោះ ព្រោះខ្ញុំបាទ ពុំដែលមានគំនិតមាក់ងាយ បន្ទោសបន្ទាប ជាតិសាសន៍ ឬទៅលើបុគ្គលណាមួយឡើយ។ អាស្រ័យហេតុនេះ សង្ឃឹមថា បងប្អូនទាំងអស់គ្នា លើកលែងទោស និងផ្តល់ឱកាសអោយខ្ញុំបាទផងចុះ»

ទន្ទឹមគ្នានេះ អ្នកនាង គង់ ច័ន្ទស្រីមុំ ក៏បាន Share បន្តការបង្ហោះរបស់លោក ដេវីត សុំទោសទៅមហាជននូវរាល់កំហុសដែលពួកគេបានសាងឡើង។

តារាសម្តែង និងជាពិធីការិនីនៅកម្មវិធី៣ FUN រូបនេះបានរៀបរាប់ថា៖ «សុំទោស រាល់កំហុសគ្រប់យ៉ាងដែលពួកយើងលេងដោយអចេតនា និងមិនបានគិត សង្ឃឹមថាគ្រប់គ្នានឹងលើកលែង ហើយផ្តល់ឱកាសម្តងទៀត»

អ្នកទាំងពីរបានអះអាងថា កំហុសឆ្គងមួយនេះពិតជាមិនអាចលើកលែងឱ្យបាន តែយ៉ាងណាអ្នកទាំងពីរបានទទួលស្គាល់កំហុស និងសុំឱ្យមហាជនផ្តល់ឱកាស និងអធ្យាស្រ័យដល់អ្នកទាំងពីរ។

គូសបញ្ជាក់ថា ក្នុងវីដេអូឃ្លីបដែលអ្នកនាង គង់ ច័ន្ទស្រីមុំ និងលោកដេវីត បង្ហោះនិយាយប៉ះពាល់ដល់ព្រះអង្គម្ចាស់ Abdul Mateen គឺត្រូវបានមហាជនជាច្រើនប្រតិកម្ម និងរិះគន់យ៉ាងខ្លាំង ខណៈមហាជនជាច្រើនគោរពស្រឡាញ់ និងកោតសរសើរព្រះអង្គថាមិនត្រឹមតែមានរូបរាងសង្ហារនោះទេ ហើយថែមទាំងមានសមត្ថភាពខ្ពស់ និងមានចំណេះដឹងដ៏ខ្ពង់ខ្ពស់ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក