បញ្ហាស្រូវផ្ការំដួលធ្លាក់ថ្លៃត្រូវបានដោះស្រាយ ដោយរក្សាស្ថេរភាពតម្លៃស្រូវ ១០៤០រៀលក្នុងមួយគីឡូក្រាម
ភ្នំពេញ៖ បញ្ហាស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យធ្លាក់ថ្លៃត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោះស្រាយដោយម្ចាស់រោងកិនស្រូវបានសហការជាមួយរាជរដ្ឋាភិបាលរក្សានូវស្ថេរភាពតម្លៃស្រូវក្នុងមួយគីឡូក្រាមគឺ ៩បាត ឬ១០៤០រៀល សម្រាប់ស្រូវផ្ការំដួលលេខ១។ តម្លៃធានាទិញអប្បបរមានេះនឹងអនុវត្តចាប់ពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។
ដំណោះស្រាយស្រូវធ្លាក់ថ្លៃនេះគឺធ្វើឡើងក្រោយពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានចាត់អនុរដ្ឋលេខាធិការចំនួន ២រូប គឺលោក ឃី កុសល និងលោក ឈុំ ឆុនលី និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ឱ្យចុះទៅជួបប្រជុំជាមួយភាគីពាក់ព័ន្ធ និងប្រជាកសិករនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
បើតាមក្រសួងកសិកម្ម ក្រោយពីបានជួបប្រជុំពិភាក្សា និងបានចុះទៅពិនិត្យដល់ទីតាំងជាក់ស្ដែង លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោងម៉ាស៊ីនកិនស្រូវបៃតង បានស្ម័គ្រចិត្តចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក្នុងការដាក់ចេញ នូវគោលការណ៍រក្សាស្ថេរភាពតម្លៃស្រូវ ដោយបានកំណត់នូវថ្លៃធានាទិញអប្បបរមាសម្រាប់ស្រូវផ្ការំដួល ប្រភេទលេខ១ ត្រឹម៩បាត ក្នុងមួយគីឡូក្រាម ឬ ១ ០៤០រៀល ក្នុងមួយគីឡូក្រាម ចាប់ពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្រសួងកសិកម្មបានអះអាងថា ក្រសួងនឹងមិនឱ្យប្រជាកសិករបាត់បង់ផលប្រយោជន៍ដោយគ្មានហេតុផលឡើយ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាកសិករដែលជួបបញ្ហាជាក់ស្តែង ឱ្យទាក់ទងផ្ទាល់មកក្រុមការងាររបស់ក្រសួង តាមរយៈទូរស័ព្ទលេខ ០៩៥ ៩៥១ ១១១ សម្រាប់ខេត្តបាត់ដំបង និងលេខ ០១២ ៨៣៨ ៩៣៧ សម្រាប់ខេត្តបន្ទាយមានជ័យ ដើម្បីឱ្យក្រុមការងារក្រសួងអាចទទួលបានព័ត៌មាន ពេញលេញ និងធ្វើការសម្របសម្រួលជាមួយរោងម៉ាស៊ីនកិនស្រូវជូន។
អនុប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង លោក ឡុង ផន បានប្រាប់សារព័ត៌មាន EAC ឱ្យដឹងថា តម្លៃស្រូវនៅខេត្តបាត់ដំបង បានធ្លាក់ចុះតាំងពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ មកម្ល៉េះ ដោយជាមធ្យមស្រូវអាចលក់ស្រូវបាន ៨០០រៀលទៅ ៨៥០រៀលក្នុងមួយគីឡូក្រាម ខណៈពីមុនអាចលក់បានក្នុងមួយគីឡូក្រាមចំនួន ១១៥០រៀល។ បើគិតក្នុងមួយតោនពីមុនលក់បាន ចំនួន ១០០០០បាត ទៅ ១១០០០បាត ប៉ុន្តែប៉ុន្មានថ្ងៃមុនគឺធ្លាក់មកត្រឹម ៩០០០បាត ទៅ ៨០០០បាត ក្នុងមួយតោន៕