
ក្រសួងកសិកម្មបញ្ជូនមន្ត្រី ២រូបទៅដោះស្រាយបញ្ហាធ្លាក់ថ្លៃស្រូវនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ
ភ្នំពេញ៖ បច្ចុប្បន្នស្រូវនៅខេត្តបាត់ដំបង និងនៅខេត្តបន្ទាយមានជ័យ ធ្លាក់ថ្លៃជាគំហុក។ ក្រសួងកសិកម្មបានពន្យល់ថា បញ្ហានេះកើតមានដូចនឹងឆ្នាំមុនៗដែរ ដោយឆ្នាំនេះចាប់ពីខែវិច្ឆិកា ដល់ពាក់កណ្តាលខែធ្នូនេះ ជាពេលប្រមូលផលពូជស្រូវផ្ការំដួល ដែលជាហេតុនាំឱ្យរោងម៉ាស៊ីនកិនស្រូវកកស្ទះ និងប៉ះពាល់ដល់តម្លៃស្រូវ។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានចាត់បញ្ជូនអនុរដ្ឋលេខាធិការក្រសួងកសិកម្មចំនួន ២នាក់ គឺលោក ឃី កុសល និងលោក ឈុំ ឆុនលី ព្រមទាំងក្រុមការងារជាច្រើនទៀត ចុះទៅដោះស្រាយបញ្ហាជូនប្រជាកសិករ។
ក្រសួងកសិកម្មបានបញ្ជាក់ថា ឆ្នាំនេះ បើទោះបីជាដំណាំស្រូវត្រូវរងផលប៉ះពាល់ដោយសារទឹកជំនន់ក៏ដោយ ក៏ការប្រមូលផលនៅតែមានច្រើន និងសម្រុកធ្វើឡើងព្រមៗគ្នាចាប់ពីដើមខែវិច្ឆិកាមក។
ក្រសួងកសិកម្មបានលើកឡើងថា នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រោងម៉ាស៊ីនកិនស្រូវជាច្រើនកំពុងមមាញឹកក្នុងការប្រមូលទិញ សម្ងួត និងកិនស្រូវប្រភេទផ្ការំដួលនេះ ទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាកសិករដែលជួបបញ្ហានេះ អាចទាក់ទងទៅទូរស័ព្ទលេខ ០៩៥ ៩៥១ ១១១ សម្រាប់កសិករខេត្តបាត់ដំបង។ សម្រាប់កសិករខេត្តបន្ទាយមានជ័យ អាចទាក់ទងទៅទូរស័ព្ទលេខ០១២ ៨៣៨ ៩៣៧ ដើម្បីសម្របសម្រួលជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់។
ក្រសួងកសិកម្ម បានអំពាវនាវអ្នកលេងនៅក្នុងបណ្តាញសង្គមបញ្ឈប់នូវការបង្ហោះព័ត៌មានមិនពិត ដែលថាក្រសួងមិនអើពើជួយដោះស្រាយ។ ក្រសួងចាត់ទុកថា ការបង្ហោះព័ត៌មានបែបនេះនឹងបង្កការភ័យបារម្ភដល់ប្រជាកសិករ ដែលមិនទាន់ដល់ពេលប្រមូលផល ឱ្យប្រញាប់ច្រូតស្រូវមិនទាន់គ្រប់គុណភាពដើម្បីលក់ ដែលធ្វើឱ្យថ្លៃស្រូវ កាន់តែធ្លាក់ចុះថែមទៀត។
អនុប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង លោក ឡុង ផន បានប្រាប់សារព័ត៌មាន EAC ឱ្យដឹងថា តម្លៃស្រូវនៅខេត្តបាត់ដំបង បានធ្លាក់ចុះតាំងពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ មកម្ល៉េះ ដោយបច្ចុប្បន្នជាមធ្យមស្រូវអាចលក់ស្រូវបាន ៨០០រៀលទៅ ៨៥០រៀលក្នុងមួយគីឡូក្រាម ខណៈពីមុនអាចលក់បានក្នុងមួយគីឡូក្រាមចំនួន ១១៥០រៀល។ បើគិតក្នុងមួយតោនពីមុនលក់បាន ចំនួន ១០០០០បាត ទៅ ១១០០០បាត ប៉ុន្តែបច្ចុប្បន្នធ្លាក់មកត្រឹម ៩០០០បាត ទៅ ៨០០០បាត ក្នុងមួយតោន៕