កំពង់ស្ពឺ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជំរុញបន្តនូវ «ចលនាមហាសាមគ្គីជាតិ ខ្មែរស្រឡាញ់ខ្មែរ» ក្រោមការដឹកនាំរបស់ សម្តេចតេជោ ដើម្បីធានាបាននូវនិរន្តរភាពនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដូចដែលយើងកំពុងមានសព្វថៃ្ង ឱ្យបានគង់វង្សទុកឱ្យកូនចៅជំនាន់ក្រោយ។
ថ្លែងក្នុងពិធីបើកការរដ្ឋានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ របស់កងទ័ពជើងគោក ក្នុងគម្រោង សម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត បានថ្លែងថា អតីតកាលកម្ពុជាឆ្លងកាត់ប្រវត្តិជូរចត់ សង្គ្រាម និងការកាប់សម្លាប់ ហើយបើទោះបីព្រឹត្តិការណ៍ទាំងនោះបានក្លាយជារឿងរ៉ាវប្រវត្តិសាស្ត្រទៅហើយក្តី ប៉ុន្តែគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់នៅសេសសល់រាយប៉ាយពេញផ្ទៃប្រទេសនៅតែជាកេរដំណែលបន្សល់ទុកពីសង្រ្គាមដែលទាមទារឱ្យពលរដ្ឋចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមដោះស្រាយការលំបាក និងបញ្ហាប្រឈមដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ជាពិសេសនៅតាមតំបន់ស្រែចម្ការរបស់ប្រជាជន ដែលមានប្រជាជនរាប់ម៉ឺនគ្រួសារកំពុងទទួលរងនូវការគំរាមកំហែងដោយផ្ទាល់ និងដោយប្រយោល។
លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកសកម្មភាពបោសសម្អាតមីននៅកម្ពុជា ជាអាទិភាពដ៏សំខាន់មួយក្នុងចំណោមអាទិភាពសំខាន់ៗនានា ដើម្បីស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិឡើងវិញ។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងគ្រប់លទ្ធភាពទាំងស្មារតី ថវិកា និងធនធានដ៏ទៃៗទៀត សំដៅធ្វើយ៉ាងណាជំរុញសកម្មភាពមីននេះឱ្យបានជោគជ័យ។
លោកថា៖ «ចំពោះគោលដៅចម្បងតទៅមុខទៀត គឺការពង្រីកឱកាសក្នុងការអភិវឌ្ឍភូមិ ឃុំ ស្រុក ខេត្ត និងប្រទេសរបស់យើងឱ្យកាន់តែមានភាពរីកចម្រើនលូតលាស់ជឿនលឿនថែមទៀត ព្រមទាំងបន្តជួយសង្គ្រោះប្រជាពលរដ្ឋឱ្យចាកចេញផុតពីការភ័យខ្លាច និងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងក៏ដូចជាការចាកផុតពីការភ័យខ្លាច និងគ្រោះថ្នាក់ដោយសារកត្តាសឹកសង្គ្រាម ដែលអាចកើតមានទ្បើងសារជាថ្មីលើទឹកដីសុវណ្ណភូមិនៃយើង ប្រសិនបើយើងធ្វេសប្រហែស»។
លោកបានសម្តែងនូវការដឹងគុណចំពោះនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ដែលតែងបានផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការលុបបំបាត់នូវហានិភ័យដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងអរគុណដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន, មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់), មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការផ្តល់កិច្ចសហការជួយសម្របសម្រួលកិច្ចការផ្សេងៗ រួមទាំងការគាំទ្រទាំងផ្នែកសារតី និងសម្ភារ ដែលពិតជាបានបង្កលក្ខណៈដល់ការបំពេញភារកិច្ចរបស់កងទ័ពជើងគោកនៅក្នុងវិស័យបោសម្អាតមីនមនុស្សធម៌ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាសូន្យមីន ឆ្នាំ២០២៥៕