នាយករដ្ឋមន្ត្រីបារម្ភពីការឆ្លងជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកនាំប្រទេសនានាដែលបានមកចូលរួមកិច្ចប្រជុំអាស៊ាន
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសំដែងក្ដីបារម្ភពីការឆ្លងជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកប្រទេស និងអង្គការអន្តរជាតិនានាដែលបានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន បន្ទាប់ពីសម្ដេចបានរកឃើញថាមានផ្ទុកជំងឺនេះ។
ក្នុងសារសំឡេងពិសេសបន្ទាប់ពីចុះយន្តហោះដល់កម្ពុជាយប់ថ្ងៃទី១៥ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន ថាស្ថានភាពសុខភាពសម្ដេចមានស្ថានភាពធម្មតានឹងថាជារឿងតូចតាច ខណៈសម្ដេចសម្ដែងក្ដីបារម្ភខ្លាំងចំពោះថ្នាក់ដឹកនាំប្រទេសដទៃដែលបានចូលរួមប្រជុំអាស៊ាននៅកម្ពុជាកាលពីកន្លងទៅ។
សម្ដេចថា៖ «អ្វីដែលខ្ញុំព្រះករុណាកង្វល់ធំជាងគេគឺតើមេដឹកនាំដែលចេញពីកម្ពុជាទៅចូលរួមប្រជុំនៅប្រទេសឥណ្ឌូនេស៊ី និងការវិលត្រលប់ទៅកាន់ប្រទេសរៀងៗខ្លួនវិញតើមានកើតកូវីដឬអត់? នោះទើបជាបញ្ហាកង្វល់ធំរបស់ខ្ញុំព្រះករុណាខ្ញុំ»។
សម្ដេចតេជោ មេដឹកនាំដែលត្រូវទៅចូលរួមកិច្ចប្រជុំ G20 គឺមានជាងពាក់កណ្ដាលចេញពីការប្រជុំអាស៊ាននៅកម្ពុជាដែលរួមមានឥណ្ឌូនេស៊ី និងប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។
រហូតមកដល់ពេលនេះពុំមានមេដឹកនាំប្រទេស និងអង្គការអន្តរជាតិដែលបានមកចូលរួមប្រជុំអាស៊ានត្រូវបានរកឃើញថាមានជំងឺកូវីដ-១៩ នៅឡើយទេលើកលែងតែសម្ដេចតេជោ ហ៊ុន សែន។
គួរឱ្យដឹងផងដែរថាសម្ដេចតេជោត្រូវបានក្រុមគ្រូពេទ្យនៃប្រទេសឥណ្ឌូនេស៊ីបានរកឃើញថាមានផ្ទុកវិជ្ជមានជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
ទោះជាយ៉ាងណាសម្ដេចតេជោបញ្ជាក់ថាស្ថានភាពរបស់សម្ដេចគឺធម្មតាពុំមានរោគសញ្ញា ឬក៏សញ្ញាណាមួយនៃជំងឺនេះនោះទេ ហើយសម្ដេចនៅតែរក្សាការងារជាប្រក្រតីលើកលែងតែជួបភ្ញៀវប៉ុណ្ណោះ៕