កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

យុវជនមានពិការភាពកម្ពុជាចំនួន ៤នាក់បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតជាសកលផ្នែកព័ត៌មានវិទ្យា

ភ្នំពេញ៖ យុវជនកម្ពុជាដែលមានពិការភាព នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៤នាក់បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៃការប្រកួត Global IT Challenge 2022 ខណៈដែលការប្រកួតផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកានេះ។

យុវជនទាំង៤នាក់នោះរួមមាន លោក បូ វិសាល មានពិការភាពស្លាប់មួយចំហៀងខ្លួន យុវជន រឿង ចាន្នី មានពិការភាពដៃឆ្វេង យុវជន សឹម សៀងហាយ មានពិការភាពត្រច្រៀក និងយុវតី ទឹម សុភក្ត្រា ស្បែករងរលាកភ្លើងពេញខ្លួនតាំងពីតូច។

យុវជនមានពិការភាពមកពី ១៦ប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងអឺរ៉ុបដែលឈានជើងដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក្នុងនោះក៏មានយុវជនទាំង ៤នាក់ពីកម្ពុជាផងដែរ។

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងចែកជា២ថ្ងៃដែលថ្ងៃទី១៥ ខែវិច្ឆិកា ប្រកួតលើវិញ្ញាសារ eTool_PPT Challenge វិញ្ញាសារ eTool_Excel Challenge និងវិញ្ញាសារ eLifeMap ខណៈថ្ងៃទី១៦ ខែវិច្ឆិកា នឹងប្រកួតលើវិញ្ញាសារ eContent_Challenge វិញ្ញាសារ eCreative_smart car Challenge និងវិញ្ញាសារ eCreative_lo Challenge។

នៅក្នុងការប្រកួត Global IT Challenge ឆ្នាំ២០២២ មានប្រទេស ១៦ចូលរួម និងកំណត់យកយុវជនមានពិការភាពចាប់ពីអាយុ១៤ឆ្នាំ ដល់២៣ឆ្នាំ ដែលមានពិការភាពភ្នែក គ-ថ្លង់ ពិការកាយសម្បទា និងពិការសតិបញ្ញា។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ក្រុមហ៊ុន LG និងលេខាធិការដ្ឋាន GITC ដែលបានរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ និងបានជំរុញដល់យុវជនដែលមានពិការភាពទូទាំងពិភពលោកជាពិសេសយុវជនកម្ពុជាបានចូលរួមការប្រកួតឱ្យខិតខំឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានជ័យជម្នះ។

លោកថា៖ «ខ្ញុំស្នើឱ្យយុវជនមានពិការភាពទាំងអស់ដែលបានចូលរួមឆ្នាំនេះ ជាពិសេសយុវជនមានពិការភាពពីកម្ពុជាខិតខំប្រឹងប្រែងប្រកួតប្រជែងគ្រប់វិញ្ញាសារដើម្បីទទួលបានមេដាយជាកិត្តយសរបស់ខ្លួននិងប្រទេសជាតិ។ សូមយុវជនមានពិការភាពទាំងអស់ប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីយកឈ្នះ និងដណ្ដើមជ័យជម្នះសម្រាប់ខ្លួនឯងនិងប្រទេសជាតិ»។

ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាសកលសម្រាប់យុវជនមានពិការភាព (GITC) គឺជាគម្រោងមួយដើម្បីពង្រឹងសមត្ថភាព ICT របស់យុវជនពិការ បង្កើតមូលដ្ឋានគ្រឹះសម្រាប់វឌ្ឍនភាពសង្គម និងលើកកម្ពស់ការយល់ដឹងអំពីលទ្ធភាពប្រើប្រាស់ឌីជីថលសម្រាប់យុវជនមានពិការភាព។ នៅឆ្នាំ២០២៤ កម្មវិធីនេះនឹងត្រូវបានអភិវឌ្ឍទៅជាការប្រកួតប្រជែងប្រកបដោយនិរន្តរភាពជាងមុន ដោយការពង្រឹងភាពជឿជាក់នៃការប្រកួតប្រជែងដ៏ល្បីជាអន្តរជាតិ និងឯករាជ្យភាពនៃប្រទេសដែលចូលរួម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក