កណ្ដាល៖ សមត្ថកិច្ចឃាត់ខ្លួនស្មៀនសង្កាត់តាខ្មៅម្នាក់រឿងស៊ីដាច់លុយពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះពីជំងឺកូវីដ-១៩ ជាង ៦០លានរៀល។ នេះបើតាមការបញ្ជាក់ពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក និងជាអគ្គនាយកមូលនិធិជាតិជំនួយសង្គមលោក ឈួរ សុបញ្ញា។
លោក ឈួរ សុបញ្ញា បានឱ្យ EAC News ដឹងថាពិតជាមានករណីឃាត់ខ្លួនស្មៀនសង្កាត់តាខ្មៅ លោក សុខ សុផា ពិតប្រាកដមែន តែលោកថាករណីនេះកំពុងក្នុងដំណាក់កាលស៊ើបអង្កេតបន្ថែមមិនទាន់អាចជម្រាបព័ត៌មានលំអិតនៅឡើយទេ។
លោកបានឱ្យដឹងថាការដែលអាចឈានដល់ការឃាត់ខ្លួននេះគឺដោយសារមានបណ្ដឹងពីប្រជាពលរដ្ឋ ស្របពេលដែល ប្រព័ន្ធត្រួតពិនិត្យការផ្ទេរសាច់ប្រាក់បង្ហាញថាមានភាពមិនប្រក្រត្រីនៅសង្កាត់តាខ្មៅនេះផងដែរ។
យោងតាមការចុះផ្សាយរបស់ព័ត៌មានក្នុងស្រុកស្នៀនសង្កាត់តាខ្មៅ លោក សុខ សុផា ត្រូវបានសមត្ថកិច្ចខេត្តកណ្ដាលឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី១៤ ខែវិច្ឆិកាម្សិលមិញ ដោយមានកម្លាំងសមត្ថកិច្ចពីក្រសួងសង្គមកិច្ច សហការជាមួយកម្លាំងរដ្ឋបាល និងស្នងការខេត្តកណ្ដាលចុះឃាត់ខ្លួនផងដែរ៕