
រាជរដ្ឋាភិបាលតែងតាំង លោក ឌិត ទីណា ជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍
ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចតែងតាំងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ជំនួសលោក វេង សាខុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម។
បើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលចុះនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្តែទើបតែចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុក អនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
សូមរំលឹកថា លោក ឌិត ទីណា ត្រូវបានសមាជិកសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជារដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ជំនួសលោក វេង សាខុន ដែលត្រូវបានព្រះមហាក្សត្របញ្ចប់មុខដំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ដោយព្រះមហាក្សត្របានសម្រេចតែងតាំងលោកជាប្រតិភូអមនាយករដ្ឋមន្ត្រីវិញនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២៕